ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់ក្នុងទឹកស្រែយ៉ាងអាហោចអាធ័ម ដោយសង្ស័យថាបណ្ដាលមកពីពុលថ្នាំបាញ់ស្រូវ បង្កការភ្ញាក់ផ្អើលវេលាម៉ោង២ និង៣០នាទី រសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចបត់កង់ ស្ថិតក្នុងភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ សុខ នៅ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិដង្គៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធ និងកូនប្រុស ស្រីចំនួន ៨នាក់ ក្នុងបន្ទុកគ្រួសារ។
លោក បន្តថា ជនរងគ្រោះបានបើកគោយន្តចេញពីផ្ទះជាមួយកូនប្រុស អាយុ ១០ឆ្នាំម្នាក់ ដើម្បីទៅស្រែត្រង់ចំណុចកើតហេតុក្នុងគោលបំណងបាញ់ថ្នាំស្រូវ លុះទៅដល់គាត់បានលាយថ្នាំបាញ់ស្រូវបានចំនួន ២ស្រែ ស្រាប់តែឃើញគាត់ដួលក្នុងទឹកស្រែនោះតែម្ដង។ ភ្លាមៗនោះកូនប្រុសបានរត់ទៅជួយឪពុកដោយព្យាយាមដោះធុងថ្នាំចេញពីខ្លួន តែដោះមិនបាន ក៏រត់ទៅហៅអ្នកក្បែរខាងគ្នាឲ្យមកជួយឪពុករបស់ខ្លួន ប៉ុន្តែជាអកុសលបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ។
លោកបន្តទៀតថា ករណីខាងលើនេះមន្រ្តីជំនាញបានចុះពិនិត្យយ៉ាងម៉ត់ចត់ ហើយជាលទ្ធផល៖ ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះឡើយ ដូច្នេះជនរងគ្រោះអាច(ស្លាប់)ដោយខុសបច្ចេកទេសការលាយថ្នាំក៏ថាបាន ។
សាកសពត្រូវបានធ្វើកំណត់ហេតុត្រឹងត្រូវប្រគល់ជូនសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន