ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលគេស្គាល់ជាមន្ត្រីនគរបាលរដ្ឋបាល ឃុំបាសាក់ បានដាច់ចិត្តចងកសម្លាប់ខ្លួននៅក្នុងផ្ទះតែម្នាក់ឯងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ នៅភូមិបាយាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា កម្លាំងប៉ូលិសស្រុក កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល គ្រូពេទ្យ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ និងពិនិត្យសាកសព ឃើញថាសពមានឈ្មោះ អ៊ុក សាមឿន អាយុ48ឆ្នាំ មុខរបរជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបាសាក់ រស់នៅភូមិបាយាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រភពបន្តថា តាមការស្រាវជ្រាវ និង ពិនិត្យសាកសព គ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារចងកសម្លាប់ខ្លួនដោយខ្សែចងគោ ចងទៅនឹងធ្នឺមផ្ទះ ។
តាមអ្នកភូមិបានឲ្យដឹងថា បុរសខាងលើគឺមានជំងឺប្រចាំកាយយូរឆ្នាំមកហើយ ព្យាបាលមិនបានធូរស្រាល ដោយចេះតែទ្រាំរហូតមកដល់ថ្ងៃកើតហេតុស្រាប់តែមានការភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្នសាកសពសមត្ថកិច្ចនគរបាលប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន