ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាល២ខេត្តបាត់ដំបងនិងកំពតបំបែកសំណុំរឿងសំបុកក្រុមចោរលួចកាច់សោកម៉ូតូនិងដាក់ថ្នាំសណ្តំយកម៉ូតូ៧នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលចំនួន២ខេត្តគឺខេត្តបាត់ដំបង និងខេត្តកំពត សហការគ្នាចេញប្រតិបត្តិការបំបែកសំណុំរឿងសំបុកក្រុមចោរលួចកាច់សោកម៉ូតូនិងដាក់ថ្នាំសណ្តំយកម៉ូតូ បង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ដកហូតម៉ូតូចំនួន៤គ្រឿង រថយន្ត១គ្រឿង ស្លាកលេខម៉ូតូ៧បន្ទះ និងឧបករណ៍កាច់សោកម៉ូតូរួមនិងកូនសោដោះម៉ូតូមួយចំនួនផងដែរ។

ជនសង្ស័យទាំង៧នាក់ត្រូវបានយកមកបង្ហាញមុខនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី៣ ខែតុលា ក្រោយរងការបង្រ្កាបចាប់ខ្លួនជាបន្តបន្ទាប់នៅខេត្តបាត់ដំបង និងនៅខេត្តកំពត កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីក្រុមបក្ខពួកជនសង្ស័យបានធ្វើសកម្មភាពដាក់ថ្នាំសណ្តំក្នុងកែវស្រាបណ្តាលឱ្យម្ចាស់ម៉ូតូស្លប់យកម៉ូតូជនរងគ្រោះ១គ្រឿងក្នុងហាងស៊ីផឹកមួយនៅខេត្តបាត់ដំបងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧រួចហើយនោះ។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រាប់ឱ្យដឹងថា បន្ទាប់ពីមានសកម្មភាពករណីដាក់ថ្នាំសណ្តំក្នុងកែវស្រាបណ្តាលឱ្យម្ចាស់ម៉ូតូសន្លប់យកម៉ូតូជនរងគ្រោះ១គ្រឿងនៅក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភោជនីយ៍ដ្ឋានយីហោទីក្រុងអានឆ័រ ស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង រួចហើយនោះ ។កម្លាំងនគរបាលក្រុមបង្ការបង្រ្កាបដឹកនាំដោយលោកផ្ទាល់និងលោកអនុសេនីយ៍ឯក ឈឿង គឹមសុង ប្រធានក្រុមនគរបាលក្រុមបង្ការបង្រ្កាប អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានចុះទៅស្រាវជ្រាវស៊ើបអង្កេតនិងចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅខេត្តបាត់ដំបង ដែលពួកគេទាំង២នាក់នោះជាមុខសញ្ញាធ្វើសកម្មភាពដាកើថ្នាំសណ្តំក្នុងកែវស្រាយកម៉ូតូជនរងគ្រោះបច្ចុប្បន្នពួកគេ២នាក់រស់នៅខេត្តកំពត។

លោកស្នងការរងបានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីកម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះហើយ ក៏បានឆ្លើយសារភាព ថាពួកគេមានបក្ខពួកចំនួន៥នាក់ទៀត កំពុងរស់នៅខេត្តកំពត ដែលតែងចូលរួមធ្វើសកម្មភាពកាច់សោកម៉ូតូនិងដាក់ថ្នាំសណ្តំយកម៉ូតូផងនោះដែរ។

បន្ទាប់ពីស្តាប់ចម្លើយសារភាពបែបនោះហើយ ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោអ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងក៏បានបញ្ជាឱ្យលោកដឹកនាំកម្លាំងនគរបាលក្រុមបង្ការបង្រ្កាបមួយក្រុមធ្វើដំណើរទៅខេត្តកំពតដើម្បីសហការជាមួយនគរបាលខេត្តកំពត នៅពេលនោះកម្លាំងនគរបាលនៃខេត្តទាំង២ចុះស្រាវជ្រាវស៊ើបអង្កេតទើបឈានដល់ឃាត់ខ្លួនក្រុមបក្ខពួកជនសង្ស័យ៥នាក់ថែមទៀត ស្ថិតនៅស្រុកឈូក និងស្រុកអង្គរជ័យ ខេត្តកំពត។

ជនសង្ស័យទាំង៧នាក់បន្ទាប់មកចាប់បញ្ជូនយកមកខេត្តបាត់ដំបង ដើម្បីយកមកអនុវត្តច្បាប់នៅតុលាការខេត្តបាត់ដំបង ក្រោមចោទប្រកាន់ពីបទអំពើលួចមានស្ថានទម្ងន់ទោស ផងដែរ៕ សំ វិច្ឆិកា

 


ចែករំលែក៖