ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីអាវុធហត្ថក្រុងភ្នំពេញម្នាក់ដកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ ស្នូរកាំភ្លើងចំនួនមួយគ្រាប់បានផ្ទុះឡើង បណ្ដាលឲ្យបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរងរបួសធ្ងន់ ហើយត្រូវបានបងប្អូនដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីជួយសង្គ្រោះជីវិត ប៉ុន្តែដោយអកុសលបណ្ដាលឲ្យស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ ហើយករណីនេះ ត្រូវបានគេអះអាងថា គឺករណីបាញ់សម្លាប់ខ្លួនឯង មិនដឹងមូលហេតុ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្បែរអតីតរោងកុនវិមានទិព្វ ផ្ទះលេខ២១ តាមបណ្ដោយផ្លូវលេខ២២៨ ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីដែលបញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងផឹកស៊ីនៅក្នុងផ្ទះជាមួយមិត្តភក្តិ២ទៅ៣នាក់ដែលជាមន្រ្តីអាវុធហត្ថដូចគ្នា ហើយមិនដឹងមានរឿងអ្វីនោះទេ ស្រាប់តែពេលនោះជនរងគ្រោះបានដកកាំភ្លើងបាញ់ខ្លួនឯងចំនួនមួយគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់រហូតដល់ស្លាប់ ពេលបញ្ជូនមកដល់មន្ទីរពេទ្យកាល់ម៉ែតផងដែរ ។

សាកសពជនរងគ្រោះឈ្មោះហ៊ុយ ស៊ីជីដាវិដ ភេទប្រុស អាយុ៣២ឆ្នាំ ជាមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារតម្កល់នៅមន្ទីរពេទ្យកាលម៉ែត ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុង សាកសួរក្រុមគ្រួសារដើម្បីដឹងថា ករណីបាញ់សម្លាប់ខ្លួនឯងនេះជាករណីអ្វីឲ្យច្បាស់ ៕ស តារា

ជនរងគ្រោះហ៊ុយ ស៊ីជីដាវិដ ដែលសង្ស័យបាញ់សម្លាប់ខ្លួន


ចែករំលែក៖