ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់មន្រ្តីជាប់កិច្ចសន្យា៣នាក់នៃមន្ទីរសង្គមកិច្ចក្រុងពាក់ព័ន្ធកេងប្រវ័ញ្ចពលកម្មកុមារឲ្យដើរសុំទាន

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៧ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនបុរសសង្ស័យ៣នាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញពាក់ព័ន្ធករណីកេងប្រវ័ញ្ចពលកម្មកុមារ និងប្រើហិង្សាគំរាមកុមារឱ្យដើសុំ ទានតាមទីសាធារណៈ ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ ឃុត នឹម ហៅតាលឹម ភេទប្រុស អាយុ៥៥ឆ្នាំ ជាបុគ្គលិកជាប់កិច្ចសន្យាមន្ទីរសង្គមកិច្ច, ទី២-ឈ្មោះ ហឹង សារ៉ុម ហៅតារុំ ភេទ ប្រុស អាយុ៤២ឆ្នាំ ជាបុគ្គលិកជាប់កិច្ច សន្យាមន្ទីរសង្គមកិច្ច និងទី៣-ឈ្មោះ សាន សិត ភេទប្រុស អាយុ៤១ឆ្នាំ អតីតជាអ្នក សុំទាន បច្ចុប្បន្នជាអ្នកដើរប្រមូលលុយពី អ្នកសុំទានតាមភ្លើងស្តុបឲ្យទៅឈ្មោះ ឃុត នឹម ហៅតាលឹម និងឈ្មោះ ហឹង សារ៉ុម ហៅតារុំ ។

ជនសង្ស័យទាំង៣នាក់ខាងលើត្រូវ បានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានី ភ្នំពេញសហការជាមួយលោកស្រី មុំ ចាន់ ដានី ជាប្រធានស្តីទីមន្ទីរសង្គមកិច្ចអតីត យុទ្ធជននិងស្តារនីតិសម្បទារាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ កន្លងទៅក្រោយពីរកឃើញថា ពួកគេបាន ទទួលយកផលប្រយោជន៍ពីអ្នកសុំទាននិងជារនុកក្នុងផ្តល់ព័ត៌មានដល់អ្នកសុំទានធ្វើការគេចខ្លួនពីការចុះបង្ក្រាបរបស់មន្ទីរសង្គមកិច្ច និងសមត្ថកិច្ចផងដែរ ។

នៅចំពោះមុខសមត្ថិច្ចជនសង្ស័យទាំង៣នាក់បានសារភាពថា ពួកគេបានធ្វើសកម្ម ភាពប្រមូលលុយពីអ្នកសុំទានរៀងរាល់ថ្ងៃ នៅតាមភ្លើងស្តុបដោយអ្នកសុំទានម្នាក់ត្រូវបង់១ម៉ឺនទៅ១២.០០០រៀលក្នុង១ថ្ងៃ ។

ក្នុងនោះឈ្មោះសាន សិត ជាអ្នកដើរ ប្រមូល និងក្នុងមួយអាទិត្យទើបយកលុយប្រគល់ឲ្យឈ្មោះតាលឹម និងឈ្មោះ តារុំ ម្តង, ឈ្មោះតាលឹម យកចំណែកអ្នកដើរ សុំនៅស្តុបអាងទឹក ស្តុបពេទ្យចិន ស្តុបផ្សារ ដើមគ និងភូមិសាស្ត្រក្បែរគ្នា។​ រីឯឈ្មោះ តារុំ យកចំណែកអ្នកដើរសុំនៅស្តុបកាណាឌីយ៉ា ស្តុបបូកគោ និងប៉ែកខាងមាត់ទន្លេ។

ការយកលុយរបស់តាលឹម និងតារុំពីអ្នក សុំទាននេះជាថ្នូរជាមួយនឹងការផ្តល់ព័ត៌ មាននៅពេលណាដែលមន្ទីរសង្គមកិច្ច និងសមត្ថកិច្ចចុះបោសសម្អាតប្រមូលអ្នកសុំទាន អ្នកញៀនថ្នាំ និងក្មេងអានាថាតាម ដងផ្លូវ។ តែបើពួកអ្នកសុំទានទាំងនោះមិនព្រមបង់លុយឱ្យទេឈ្មោះ សាន សិត គំរាម ថានឹងរាយការណ៍ឱ្យខាងមន្ទីរសង្គមកិច្ច និងសមត្ថកិច្ចចុះចាប់ពួកគេក្នុងនោះក៏មាន អ្នកសុំទានជាច្រើនពិតជាត្រូវបានឈ្មោះ សាន សិត រាយការណ៍ឱ្យតាលឹម និងតារុំ នាំក្រុមការងារសង្គមកិច្ចចុះបង្ក្រាបមែន ពេលដែលពួកគេមិនព្រមបង់លុយតាម ការទាមទារ ៕ ហេង សូរិយា


ចែករំលែក៖