ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិចិន និងឥណ្ឌូណេស៊ី១០១នាក់ ធ្វើឡើង៥ទីតាំងសង្ស័យពាក់ព័ន្ធជំរិត

ចែករំលែក៖

 

ខេត្តព្រះសីហនុ ៖ ជនជាតិចិន៩៤នាក់ និងជនជាតិឥណ្ឌូនេស៊ី៧នាក់ក្នុងនោះ មានស្រី១៩នាក់នាព្រឹកថ្ងៃទី០៥ ខែតុលាឆ្នាំ២០១៧ ត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហកាជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយលោក យន្ត មីន អភិបាលខេត្តព្រះសីហនុដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោកស្រី ចាត សូរស្មី បានឃាត់ខ្លួនជនបរទេសជាបន្តបន្ទាប់នៅទីតាំងចំនួន៥ផ្សេងគ្នា។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចជុំវិញការចុះបង្ក្រាបទីតាំងស្នាក់នៅជនជាតិ ចិន និង ជនជាតិឥណ្ឌូនេស៊ីនេះបានអោយដឹងថា ក្រោយពីមានការស៊ើបអង្កេត ស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បានចុះទៅបង្ក្រាប និងចាប់ខ្លួនជនជាតិចិននិងជនជាតិឥណ្ឌូនេស៊ីចំនួន១០១នាក់ នៅតាមទីតាំង និងកាស៊ីណូ ក្នុងក្រុង.ខេត្តព្រះសីហនុ សង្ស័យពាក់ព័ន្ធការចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ខុសច្បាប់។

ប្រភពដដែលបានបន្តទៀត ថា ការចាប់ខ្លួនជនបរទេសទាំង១០១នាក់នេះ គឺធ្វើឡើងនៅគោលដៅចំនួន៥ផ្សេងគ្នា ជាមួយគ្នានេះកម្លាំងសមត្ថកិច្ចបានដកហូតសម្ភារៈ និងឧបករណ៍ជាច្រើនផង ក្នុងនោះគោលដៅទី១. ស្ថិតនៅផ្ទះជួលផ្លូវ៨១៨ ក្រុម២៧ ភូមិ៥ សង្កាត់លេខ៤ គោលដៅទី២.ស្ថិតនៅភូមិគ្រឹះជួល ផ្លូវ៨១៨ ក្រុម២៧ ភូមិ៥ សង្កាត់លេខ៤ គោលដៅទី៣ .ស្ថិតនៅកាស៊ីណូហ្គោលឌិនរ៉ូយ៉ាល់ក្នុងក្រុម៣០ ភូមិ៣ សង្កាត់លេខ៣ គោលដៅទី៤. ស្ថិតនៅកាស៊ីណូ ដាយមិនស៊ី ក្នុងក្រុម៣០ ភូមិ៣ សង្កាត់លេខ៣ និងគោលដៅទី៥.ស្ថិតនៅ BSអូ១ ក្នុងក្រុម១៧ ភូមិ៣ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ។ប៉ុន្តែបើទោះបីជាឃាត់ខ្លួនជនបរទេសយ៉ាងណាក៏ដោយនោះ ចំពោះការកំណត់ទោសបទល្មើសយ៉ាងណាគេពុំទាន់ដឹងនៅឡើយទេ។

បច្ចុប្បន្នជនជាតិចិន និងជនជាតិឥណ្ឌូនេសុីត្រូវបានសមត្ថកិច្ចបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងនបន្តនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖