ខេត្តស្វាយរៀង ៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែតុលាថា អ្នកដែលរងគ្រោះសង្ស័យបណ្តាលមកការសាយភាយនៃគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តមានចំនួន៥នាក់ និង៤នាក់ទៀតកំពុងមានអការក្តៅក្រហលក្រហាយបញ្ជូនមកមន្ទីរបង្អែកស្រុករមាសហែកដើម្បីជួយសង្គ្រោះ។
លោកបានបន្តទៀតថា នេះជាករណីផ្សេងមួយទៀតហើយ ដែលនៅព្រឹកនេះ មន្ត្រីជំនាញនឹងចុះទៅកន្លែងដែលសង្ស័យថា មានគ្រាប់បែកគីមីសាយភាយនៅក្នុងចំការដំឡូងមីនោះ ហើយដែលមានចម្ងាយពីកន្លែងប្រតិបត្តិការរុករកដោះគ្រាប់គីមីនៅវត្តគគីរ ប្រមាណ២០០០ម៉ែត្រ ដើម្បីយកមកវិភាគឲ្យបានត្រឹមត្រូវថា តើបណ្តាលមកពីមូលហេតុអ្វីពិតប្រាកដបានជាមានមនុស្សរងគ្រោះច្រើនយ៉ាងនេះ។
សូមបញ្ជាក់ថា នៅល្ងាចម្សិលមិញ ថ្ងៃទី៥ ខែតុលា ប្រហែលម៉ោង៦ មន្ត្រីស៊ីម៉ាក់ និងអាជ្ញាធរជាតិវុធគីមី បានទទួលជនរងគ្រោះពុលសារជាតិនៃអាវុធគីមី (ផ្អែកការផ្តល់ចម្លើយរបស់ជនរងគ្រោះ) ដែលជាយុវជនចំនួន៤នាក់ និងស្ត្រីម្នាក់ (ទទួលដំណឹងនៅម៉ោង៦ល្ងាចទៅហើយ ប៉ុន្តែមានគ្រោះថ្នាក់នៅម៉ោងប្រហែល៣រសៀល)។ នេះបើតាមការឲ្យដឹងពីមន្ត្រីស៊ីម៉ាក់បានដឹងថា ពួកគេថា មានគ្រាប់បែកគីមីចំនួន២គ្រាប់ ហើយស្ថិតក្នុងចំការដំឡូង មានចម្ងាយប្រមាណ២គីឡូម៉ែត្រ ពីកន្លែងកំពុងប្រតិបតិ្តការក្នុងវត្តគីគីរ។ ការពុលនោះអាចមិនធ្ងន់ធ្ងរ មុជទឹកសម្អាតខ្លួនប្រាណ ហូបទឹកឲ្យច្រើន បរិភោគឲ្យឆែ្អត និងលេបថ្នាំខ្លះអាចធូរស្រាលវិញ។ តែទោះយ៉ាងណា ខាងអាជ្ញាធរមូលដ្ឋាន បានខិតខំជួយចាត់បញ្ជូនពួកគាត់ ទៅទេព្យបង្គោល ដើម្បីបង្ការភាពអាក្រក់ណាមួយកើតឡើង។
មន្ត្រីបានបញ្ជាក់ថា សារធាតុគីមីនេះ អាចជះចំហាយតាមខ្យល់ នៅពេលកកាយដីប៉ះចំគ្រាប់គីមីនោះ តាមបច្ចេកទេសគីមីប្រភេទ CS កាន់តែស្ងួតការភាយ និងប្រតិកម្មគីមីកាន់តែខ្លាំង និងងាយឆេះណាស់។ ភាពសើម មានទឹកនិងដីសើម អាចជួយកាត់បន្ថយកម្លាំងចំហាយជាតិពុលបានខ្លះដែរ។ ដូចនេះការគាល់ធុង ឬរបើកដាច់កញ្ចប់គីមី ងាយបង្កពុលដោយកំហាយសារធាតុគីមីណាស់។
ជនរងគ្រោះដោយសារគីមី រួមមាន ៖ ពូជ សាវិល ភេទស្រី អាយុ៥៣ឆ្នាំ , សូ សារ៉ន ភេទប្រុស អាយុ២៩ឆ្នាំ, សូ សំអូន ភេទប្រុស អាយុ១៤ឆ្នាំ,ឈ្មោះ ម៉ិញ ធឿន ភេទប្រុស អាយុ១៦ឆ្នាំ និង អ៊ិន សាបុល ភេទប្រុស អាយុ៦ឆ្នាំ ។
ជនរងគ្រោះបានដើរឃ្វាលគោក្នុងចំការដំឡូង បានប្រទះឃើញដែក ហើយកកាយជម្រៅប្រមាណ១៥សង់ទីម៉ែត្រ នៅវេលាម៉ោង៣រសៀលថ្ងៃទី៥ ខែតុលានេះ ហើយនៅម្តុំហ្នឹងមានគ្រាប់បែកគីមីចំនួនពីរគ្រាប់ ។ រហូតមកដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ៕ យឹម សុថាន