ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ គាំទ្ររាល់គម្រោងរបស់ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណាឲ្យដំណើរការល្អនិងច្រើននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានទទួលជួបពិភាក្សាការងារជាមួយលោក Dato’ Adissadikin Ali ប្រធានធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា របស់ម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីបង្កើតឲ្យមានធនាគារអ៊ិស្លាមមួយនៅកម្ពុជា ខណៈ សាខាធនាគារ មួយនេះកំពុង មានវត្តមាននៅកម្ពុជារួចទៅហើយ និងកំពុងដំណើរការបែបធនាគារទូទៅយ៉ាងល្អជូនអតិថិជនផងដែរ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក អូស្មាន ហាស្សាន់ នៅក្នុងជំនួបជាមួយប្រធានធនាគារខាងលើដែលបានប្រព្រឹត្ដទៅ កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅវិមានសន្ដិភាព។

លោក អូស្មាន ហាស្សាន់ បានលើកឡើងថា លោកសូមគាំទ្ររាល់គម្រោង ឲ្យមានធនាគារ បែបអ៊ិស្លាមនេះឡើងនៅកម្ពុជា ស្របទៅនឹងឧស្សាហកម្មហាឡាលកំពុងតែត្រូវបានយកចិត្តទុកដាក់រៀបចំឲ្យដំណើរការឆ្ពោះទៅកាន់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា គឺឧស្សាហកម្មមួយនេះ នឹងត្រូវបានភាគីវិនិយោគផ្តោតសំខាន់ទៅលើលក្ខណៈ សម្បត្តិគ្រប់គ្រាន់ក្នុងការរក្សាគុណភាព ក៏ដូចជាការចេញវិញ្ញាបនបត្រ ហាឡាល និងតើមានវត្តមានរបស់ធនាគារអ៊ិស្លាមហើយឬនៅ? ទោះបីយ៉ាងណា នេះមិនមែនមានន័យថា ចាំបាច់ត្រូវតែមានធនាគារអ៊ិស្លាមទើបអាចដំណើរការការអភិវឌ្ឍវិស័យហាឡាលនោះទេ គ្រាន់តែធនាគារអ៊ិស្លាម គឺជាផ្នែកមួយសំខាន់ ដែលស័ក្តិសមនឹងអ្នកវិនិយោគងាយ នឹងទទួលយកបាន ដើម្បីឲ្យដំណើរការវិនោយោគរបស់គេ ដោយប្រព្រឹត្តទៅមានលក្ខណៈបែបអ៊ិស្លាមអនុឡោមនឹងក្រឹតក្រមរបស់ហាឡាលដែលចង់បាន។

លោក អូស្មាន ហាស្សាន់ ក៏បានបង្ហាញពីឱកាសវិនិយោគ វិស័យនានា ជាពិសេសវិស័យធនាគារនៅកម្ពុជា ក្នុងរយៈពេលជាង២ទស្សវត្សចុងក្រោយនេះ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទនៈលើគ្រប់វិស័យ ជាពិសេស ការរក្សាបាននូវស្ថិរភាពពេញលេញ ស្ថិរភាពនយោបាយរឹងមាំ កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមជាង៧ភាគរយ ក្នុង១ឆ្នាំ ដែលបានធ្វើឲ្យអត្រាក្រីក្រហក់ថយចុះយ៉ាងលឿនជាទីបំផុត ដែលកាលពីឆ្នាំ២០០៤ មានជាង៥០ភាគរយ មកនៅជាង១០ភាគរយប៉ុណ្ណោះនៅបច្ចុប្បន្ន។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភាគីវិនិយោគដែលមានបំណងវិនិយោគអនុឡោមនឹងក្រឹត ក្រម តាមលក្ខខណ្ឌអ៊ិស្លាម នោះថ្នាក់ដឹកនាំអ៊ិស្លាមនៅកម្ពុជា កំពុងខិតខំប្រឹងប្រែងសហការនឹងស្ថាប័នធនាគារ និងមីក្រូហរិញ្ញវត្ថុអ៊ិស្លាមឲ្យមានវត្តមាននៅកម្ពុជា ជាពិសេសថ្មីៗនេះ អង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ក៏បានចាត់បញ្ជូនឲ្យបេក្ខជនជាបញ្ញវ័ន្តមូស្លីមកម្ពុជា១៦រូប ដែលបញ្ចប់ការសិក្សាផ្នែកហិរញ្ញវត្ថុ ដើម្បីទៅទទួលការបំពាក់បំប៉នជំនាញហិរញ្ញាវត្ថុអ៊ិស្លាមបន្ថែមនៅប្រទេសម៉ាឡេស៊ី ដោយសហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុអ៊ិស្លាម Amanah Ikhtiar Malaysia (AIM) ជាភាគីដៃគូរសហការដែលនឹងបើកឲ្យដំណើរការនៅកម្ពុជាក្នុងពេលឆាប់នេះ បន្ទាប់ពីបានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់រួចកាលពី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ ។ ក្នុងពេលជាមួយនេះដែរ លោករដ្ឋមន្រ្តីប្រតិភូ ក្នុងនាមថ្នាក់ដឹកនាំអ៊ិស្លាមនៅកម្ពុជា ក៏បាន និងកំពុងទំនាក់ទំនងជាមួយមូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចអ៊ិស្លាមម៉ាឡេស៊ី (YAPEIM) ដើម្បីដាក់ឲ្យដំណើរការគ្រឹះស្ថានកុងស៊ីបញ្ចាំបែបអ៊ិស្លាម Ar Rahnu ។

លោកបញ្ជាក់បន្ថែមថា ទាំងធនាគារអ៊ិស្លាម ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអ៊ិស្លាម គឺមិនមែនសម្រាប់បម្រើដល់សេវាកម្មកម្ចីឥណទានដល់អ្នកកាន់សាសនាអ៊ិស្លាម តែប៉ុណ្ណោះទេ តែវាគឺជាការផ្តល់ជូនសម្រាប់ជូនជនរួមជាតិ និងអន្តរជាតិជាទូទៅ គ្រាន់តែអនុឡោមតាមក្រិតក្រមអ៊ិស្លាម ហើយក៏មានលក្ខខណ្ឌលើកលែងច្រើនដល់អតិថិជន ជាពិសេសវាពុំមានការយកការប្រាក់ទេ គ្រាន់តែមានសេវាកម្មតម្លៃសមស្របបំផុតដែលអាចឲ្យអតិថិជនងាយនឹងទទួលយកបានប៉ុណ្ណោះ។

លោក អូស្មាន ហាស្សាន់ ក៏បានបង្ហើបឲ្យដឹងពីកិច្ចខិតខំប្រឹងប្រែងទំនាក់ទំនង ដោយមានការជ្រោមជ្រែង យ៉ាងខ្លាំងពីសំណាក់ ធនាគារអភិវឌ្ឍន៍អ៊ិស្លាម IDB ដែលជាភាគីដៃគូ នៅស្វាគមន៍ជានិច្ចក្នុងកិច្ចសហការលក្ខណ្ឌបច្ចេកទេស និងដើមទុនមួយចំនួន សម្រាប់ដំណើរបានរលូន និងមានប្រសិទ្ធភាពទៅថ្ងៃខាងមុខនេះ ។

លោក Dato’ Adissadikin Ali ប្រធានធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា ម៉ាឡេស៊ី បានបញ្ជាក់ថា គោលជំហរបស់របស់ធនាគារ នឹងពិនិត្យលទ្ធភាពពន្លឿនមួយផ្នែកទៀត របស់ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា ឲ្យមានហិរញ្ញវត្ថុបែបអ៊ិស្លាមនៅកម្ពុជា ដេីម្បីលេីកកម្ពស់កំណេីនវិនិយោគគ្រប់ជាតិសាសន៍តាមរយៈធនាគាររបស់លោក និងចូលរួមទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជាឲ្យមានការរីកចម្រេីន។

លោក Dato’ Adissadikin Ali ក៏បានលេីកពីគម្រោងវិនិយោគ២ផ្សេងទៀតក្រៅពីផ្នែកហិរញ្ញវត្ថុអ៊ិស្លាម គឺការវិនិយោគវិស័យឧស្សាហកម្មហាឡាល និងការវិនិយោគ វិស័យអចលនទ្រព្យ ខណៈស្របពេលនេះ គណៈប្រតិភូដែលអមដំណេីរ ជាមួយ លោករួមមានសមាសភាពពីសភាពណិជ្ជកម្មម៉ាឡេស៊ី និងបណ្តាអ្នកវិនិយោគសំខាន់ជាច្រេីនរូប ពីប្រទេសម៉ាឡេស៊ី ដេីម្បីសិក្សាស្វែងយល់កាន់តែស៊ីជម្រៅ ពីឱកាសវិនិយោគនៅកម្ពុជានេះផងដែរ៕ សំរិត


ចែករំលែក៖