ព័ត៌មានទាន់ហេតុការណ៍៖

គ្រូទោចក្រយាន​២៥​នាក់ទទួលសញ្ញាបត្រក្រោយបញ្ចប់វគ្គសិក្សា​

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ ទីស្នាក់ការ គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា មានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ដែលរៀបចំដោយ Nocc សហការ​ជាមួយ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា ​ដើម្បីបំប៉ន​បច្ចេកទេសដល់​គ្រូ​បង្វឹក​ចាប់​ពី​ថ្ងៃ​ទី​២​ ដល់​ទី​៦ ​ខែ​តុលា ​ឆ្នាំ​២០១៧​។

លោក​ឧកញ៉ា វង្ស ខាន់ពៅ​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន្ត​បាន​បញ្ជាក់​​ថា ​សិក្ខាកាម​២៥​នាក់ ​មក​ពី​ក្លិប​ត្រពាំង​ឈូក កង់ហោះ សាន់ប៊ែ គ្រួសារ​រីករាយ ងកជន ​តាខ្មៅ ​និង​ក្លឹប​នៅ​ខេត្ត​សៀមរាប។ មួយ​វិញ​ទៀត ការ​បង្រៀន​បច្ចេកទេស​នេះ​ដែរ ​គឺ​បង្រៀន​ដោយ​លោក Ramlan Latiff ​អ្នក​ជំនាញ​ការ​ដែល​មាន​កម្រិត​ខ្ពស់​ UCI ​ជនជាតិ​សិង្ហបុរី។ ឆ្លង​កាត់​ការ​សិក្សា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ សិក្ខាកាម​ទាំង​អស់​ទទួល​បាន​និទ្ទេស​៣​កម្រិត គឺ​និទ្ទេស​ល្អ ​មាន​៣​នាក់ និទ្ទេស​ល្អ​បង្គួរ​មាន​១៧​នាក់ ​និង​និទ្ទេស​មធ្យម​មាន​៥​នាក់។

លោកបានបន្តថា ​នេះ​ជា​ការ​សិក្សា​ល្អ​មួយ​សម្រាប់​កម្ពុជា ដើម្បី​លើក​កម្ពស់​គុណភាព​គ្រូ​បង្វឹក​និង​កីឡាករ កីឡា​ការិនី​កម្ពុជា​ឱ្យ​យល់​បាន​ច្រើន​ពី​កីឡា​ទោចក្រយាន​កម្ពុជា។ បើ​សិន​ជា​មាន​ការ​បង្រៀន​ដូច្នេះ​ច្រើន ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា ​នឹង​សង្ឃឹម​កាន់​តែ​ច្រើន​ចំពោះ​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ផ្សេង​ៗ​ទៀត​នៅ​ពេល​ខាង​មុខ៕ សារីម


ចែករំលែក៖