ព័ត៌មានទាន់ហេតុការណ៍៖

ហ្វូងគោដើរជាន់មីនប្រឆាំងរថក្រោះផ្ទុះងាប់៣ក្បាល

ចែករំលែក៖

ខេត្តបាត់ដំបង​៖ ​សត្វ​គោ​ចំនួន​៣​ក្បាល ​នៅក្នុងចំណោមហ្វូងគោច្រើនក្បាលដើរចូលស៊ីស្មៅក្នុងដីចំការមួយកន្លែងរបស់ថៅកែដីម្ចាស់ឈ្មោះលោកឧកញ៉ា សង ថង ដើរជាន់ម៉ីនតោនប្រឆាំងរថក្រោះបណ្តាលឲ្យផ្ទុះស្លាប់គោទាំង៣ក្បាល ខណៈដែលម្ចាស់ប្រលែងចោលឲ្យដើរស៊ីស្មៅ ។ សត្វគោទាំង៣ក្បាលបាន​ស្លាប់​បែក​សាច់ជាបំណែកៗ​ ផ្លោងខ្ទាតទើរលើមែកឈើក៏មានផងដែរ។

ហេតុការណ៍​គួរឲ្យ​ភ្ញាក់ផ្អើល​ខាងលើ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៣និង១៥​នាទី ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧​​ស្ថិតក្នុង​ភូមិ​តានួ​ត ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​។

សេចក្តីរាយករណ៍ពីលោកអធិការស្រុកគាស់ក្រឡប្រាប់ឲ្យដឹងថា ម្ចាស់សត្វគោ​ឈ្មោះ​មាន អា​ត អាយុ​៦១​ឆ្នាំមានគោ ងាប់​​ចំនួន​២​ក្បាល​និងមានមួយម្ចាស់ទៀត​ឈ្មោះ​អី​វ អាង អាយុ​៣៧​ឆ្នាំ​ងាប់​គោ​ឈ្មោល ចំនួន​១​ក្បាល ម្ចាស់រស់នៅភូមិឃុំខាងលើ៕

បើតាមប្រភពព័ត៌មានពីលោកអធិការប្រាប់ឲ្យដឹងទៀតថា ចំណុចខាងលើជាអតីតតំបន់សមរភូមិសង្រ្គាម ដោយមីនទាងនោះសេសសល់ពីសម័យសង្រ្គាម។

សូមបញ្ជាក់ថា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កន្លងមកតែងតែកើតមានករណីផ្ទុះមីននិងផ្ទុះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បណ្តាលឲ្យបាត់បង់ជីវិត និងរងរបួសប្រជាពលរដ្ឋនៅទីនោះជាបន្តបន្ទាប់ គ្រាដែលគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិមទាន់ផ្ទុះ នៅសេសសល់រាយប៉ាយដែលជាបញ្ហាប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនិងសត្វផងដែរ៕ សំ វិច្ឆិកា


ចែករំលែក៖