ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ខ្យល់គរស្លាប់ទាំងនៅវ័យក្មេងចោលម្ដាយវ័យចំណាស់ក្នុងជីវភាពមួយក្រលំបាក

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានខ្យល់គរស្លាប់ចោលម្ដាយវ័យចំណាស់រួមទាំងជីវភាពក្រលំបាក ។ ហេតុការណ៍ដ៏គួរឲ្យអាសូរខាងលើនេះ បានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្បែររបងវិទ្យាល័យ កសិកម្មចំការដូង ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពបុរសរងគ្រោះខាងលើ មានឈ្មោះដូង សុផារ៉ាត់ អាយុ៣១ឆ្នាំ មុខរបរជួយលក់ដូរម្ដាយ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។ ចំណែកម្ដាយបង្កើតជនរងគ្រោះមានឈ្មោះ កែវ ម៉ុន អាយុ៦៤ឆ្នាំ មុរបរលក់ដូរនៅមុខរោងចក្រ ។

បើតាមសម្ដីស្ត្រីវ័យចំណាស់ម្នាក់ ដែលត្រូវជាម្ដាយបុរសរងគ្រោះ បាននិយាយប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះដែលជាកូន បាននៅផ្ទះដូចសព្វដង ដោយមិនបានទៅណានោះទេ តែស្ត្រីជាម្ដាយសង្កេតឃើញកូនរបស់គាត់មានអការមិនស្រួលខ្លួន ហើយហូបបាយមិនបាន ក្រោយមក ស្រាប់តែឃើញកូនបានដកចង្កាមាន់ ដាច់ខ្យល់ស្លាប់ភ្លាមៗតែម្ដង ខណៈដែលបងប្អូនសាច់ញាតិជួយដែរ តែមិនទាន់ ។

ក្រោយពេលកើតហេតុ សាច់ញាតិក្រុមគ្រួសារសព បានរាយការណ៍ទៅសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឲ្យចុះមកពិនិត្យដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ ។ បន្ទាប់ពីសមត្ថកិច្ចជំនាញបានប្រាប់ថា សពជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន ហើយសមត្ថកិច្ចមូលដ្ឋាន ក៏បានប្រគល់សពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់ផងដែរថា ម្ដាយបង្កើតរបស់សពបុរសរងគ្រោះខាងលើ កំពុងតែជួបការខ្វះខាតក្នុងគ្រួសារ ហើយលើកដៃអង្វរនិងស្វែងរកសប្បុរសធម៌ឲ្យជួយដល់រូបគាត់ផង ដើម្បីយកថវិកាមកបូជាសពកូនប្រុស ៕ ភារ៉ា ដង្កោ


ចែករំលែក៖