ខេត្តបាត់ដំបង៖ សត្វគោចំនួន៣ក្បាល នៅក្នុងចំណោមហ្វូងគោច្រើនក្បាលដើរចូលស៊ីស្មៅក្នុងដីចំការមួយកន្លែងរបស់ថៅកែដីម្ចាស់ឈ្មោះលោកឧកញ៉ា សង ថង ដើរជាន់ម៉ីនតោនប្រឆាំងរថក្រោះបណ្តាលឲ្យផ្ទុះស្លាប់គោទាំង៣ក្បាល ខណៈដែលម្ចាស់ប្រលែងចោលឲ្យដើរស៊ីស្មៅ ។ សត្វគោទាំង៣ក្បាលបានស្លាប់បែកសាច់ជាបំណែកៗ ផ្លោងខ្ទាតទើរលើមែកឈើក៏មានផងដែរ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣និង១៥នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ស្ថិតក្នុងភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
សេចក្តីរាយករណ៍ពីលោកអធិការស្រុកគាស់ក្រឡប្រាប់ឲ្យដឹងថា ម្ចាស់សត្វគោឈ្មោះមាន អាត អាយុ៦១ឆ្នាំមានគោ ងាប់ចំនួន២ក្បាលនិងមានមួយម្ចាស់ទៀតឈ្មោះអីវ អាង អាយុ៣៧ឆ្នាំងាប់គោឈ្មោល ចំនួន១ក្បាល ម្ចាស់រស់នៅភូមិឃុំខាងលើ៕
បើតាមប្រភពព័ត៌មានពីលោកអធិការប្រាប់ឲ្យដឹងទៀតថា ចំណុចខាងលើជាអតីតតំបន់សមរភូមិសង្រ្គាម ដោយមីនទាងនោះសេសសល់ពីសម័យសង្រ្គាម។
សូមបញ្ជាក់ថា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កន្លងមកតែងតែកើតមានករណីផ្ទុះមីននិងផ្ទុះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បណ្តាលឲ្យបាត់បង់ជីវិត និងរងរបួសប្រជាពលរដ្ឋនៅទីនោះជាបន្តបន្ទាប់ គ្រាដែលគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិមទាន់ផ្ទុះ នៅសេសសល់រាយប៉ាយដែលជាបញ្ហាប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនិងសត្វផងដែរ៕ សំ វិច្ឆិកា