ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា តុង ហុកសេង បុកគ្រឹះសាងសង់សំណង់គ្មានលិខិតអនុញ្ញាត ត្រូវអាជ្ញាធរខណ្ឌឫស្សីកែវផ្អាក

ចែករំលែក៖

ភ្នំពេញ៖ លោកឧកញ៉ា តុង ហុកសេង ជាម្ចាស់ដីនិងជាម្ចាស់ការដ្ឋានដែលកំពុង បុកគ្រឹះសាងសង់សំណង់យ៉ាងធំមួយកន្លែងបែរជាគ្មានលិខិតអនុញ្ញាតត្រឹមត្រូវទៅវិញហាក់បីដូចជាលួចសាងសង់។ ប៉ុន្តែជា លទ្ធផលត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវក្រោមការណែនាំពីអភិបាលខណ្ឌលោក ជា ពិសី និងមានការបញ្ជាផ្ទាល់ពីអភិបាល រងខណ្ឌលោក ស៊ូ សោគន្ធ ដើម្បីឲ្យមន្ត្រី ជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យភ្លាមៗ ហើយឈានដល់ផ្អាកការសាងសង់ជាបណ្ដោះអាសន្នតែម្ដង ។

មន្ត្រីសាលាខណ្ឌឫស្សីកែវបានបង្ហើប ឲ្យដឹងថា ការចុះត្រួតពិនិត្យហើយឈាន ដល់ការផ្អាកសាងសង់ទៅលើសំណង់ដែលកំពុងបុកគ្រឹះយ៉ាងធំដែលគ្មានលិខិតអនុញ្ញាតខាងលើនេះបានធ្វើឡើងកាលពី រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅ តាមបណ្ដោយផ្លូវលេខ៥៩៨ (ហៅផ្លូវ ជា សុផារ៉ា) ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួល សង្កែទី២ ខណ្ឌឫស្សីកែវ ។

មន្ត្រីដដែលបានបង្ហើបឲ្យដឹងទៀតថា ការហាមឃាត់ជាបណ្ដោះអាសន្នចំពោះការសាងសង់សំណង់នេះដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពទៅតាមអនុក្រឹត្យលេខ៨៦អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ របស់ រាជរដ្ឋាភិបាលកម្ពុជាស្ដីពីលិខិតអនុញ្ញាតសាងសង់ និងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញរួមនឹងបទដ្ឋានរបស់ស្ថាប័នជំនាញរៀបចំដែនដី នគរូបនីយកម្ម និង សំណង់របស់លោក លោកស្រីជាម្ចាស់ សំណង់ ឬជាងសំណង់ត្រូវផ្អាកការសាងសង់ជាបណ្ដោះអាសន្ន ហើយបំពេញបែបបទស្នើសុំលិខិតអនុញ្ញាតសាងសង់ពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ឬរដ្ឋបាលរាជធានីភ្នំពេញ ហើយរង់ ចាំរហូតទទួលបានលិខិតអនុញ្ញាត និង លិខិតបើកការដ្ឋានទើបអាចបន្តសាងសង់ តទៅទៀតបាន ។

មន្ត្រីដដែលបានបញ្ជាក់ថា ក្នុងករណី ម្ចាស់សំណង់ ឬជាងសំណង់នៅតែបន្ត សាងសង់ទាំងមិនមានលិខិតអនុញ្ញាតនោះ រដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាលឃាត់យកសម្ភារឧបករណ៍សំណង់ទៅរក្សា ទុកជាបណ្ដោះអាសន្នដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់អ្វីឡើយ។ រាល់ហានិភ័យដែលកើតឡើងដោយគ្រោះ ថ្នាក់ពលកម្មការបាក់ស្រុត ដួលរលំសំណង់ អាចបង្កជាគ្រោះថ្នាក់ផ្សេងៗបង្កឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃនោះលោក លោកស្រី ជាម្ចាស់សំណង់ ឬជាងសំណង់ដាច់ខាត ទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន ៕ ហេង នរិន្ទ្រ


ចែករំលែក៖