កិច្ចព្រមព្រៀងបរមាណូអីុរ៉ង់ ត្រូវបាន ចុះហត្ថលេខាដោយប្រទេសអាមេរិក រុស្ស៊ី ចិនបារាំង អង់គ្លេស និងអាល្លឺម៉ង់ជាមួយ អីុរ៉ង់ គឺជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ ។ ដូច្នេះអាមេ រិក មិនអាចក្រឡាសកិច្ចព្រមព្រៀងបានឡើយ បើទោះបីមេដឹកនាំអាមេ រិករូបណាក៏ដោយ។
ក្រោយការព្រមានពីប្រធានាធិបតីត្រាំថានឹងលុបកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ ប្រធានាធិបតី អុីរ៉ង់ លោកហាស្សាន់ រ៉ូហានី បានចេញមុខការពារកិច្ចព្រមព្រៀង អន្តរជាតិស្តីពីនុយក្លេអ៊ែរអុីរ៉ង់ ដែលប្រទេស មហាអំណាចបានសម្រេចចុះជាមួយអុីរ៉ង់ កាលពីឆ្នាំ ២០១៥។ លោកហាស្សាន់ រូហានី បានវាយតម្លៃថា ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំមិនអាចលុប បំផ្លាញចោលកិច្ចព្រមព្រៀងបាននោះទេ។
“ទោះមានដូណាល់ ត្រាំ ១០នាក់ផ្សេង ទៀត នៅក្នុងលោក ក៏គេមិនអាចត្រលប់ទៅកែប្រែកិច្ចព្រមព្រៀងអន្តរជាតិស្តីពីនុយក្លេអ៊ែរអុីរ៉ង់បានដែរ”។ នេះជាប្រសាសន៍របស់ប្រធានាធិបតីអុីរ៉ង់ នៅក្នុងពិធីជួបជុំនៅក្នុងសាកលវិទ្យាល័យមួយ ក្នុងទីក្រុង តេអេរ៉ង់។
តាមលោកប្រធានាធិបតី ហាស្សាន់ រូហានី ទាំងក្នុងពេលចរចា និងនៅក្នុង កិច្ចព្រមព្រៀង គ្រប់ភាគីបានយល់ស្រប គ្នារួចហើយ លើចំណុច និងផលប្រយោជន៍ ដែលគេមិនអាចសើរើ កែប្រែក្រឡាស់ បាន។ ដូច្នេះសម្រាប់ប្រធានាធិបតីអុីរ៉ង់ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ មិនអាចទៅបំផ្លាញចោលកិច្ចព្រមព្រៀងបាននោះទេ។
លោកហាសាន់ រ៉ូហានីបានលើកឡើង យ៉ាងដូច្នេះ នៅក្រោយ ដំណឹងលេចឮ ដែលថា លោកដូណាល់ ត្រាំ នឹងប្រកាសលែងទទួលស្គាល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលលោកដូណាល់ ត្រាំ រិះគន់ថា ជាកិច្ចព្រមព្រៀងដ៏អាក្រក់បំផុត បន្សល់ ទុកដោយអាណត្តិលោកអូបាម៉ា។ ពី ពេលនេះរហូតដល់ថ្ងៃទី ១៥តុលាលោក ដូណាល់ ត្រាំ ត្រូវប្រកាសឲ្យគេដឹងពីជំហររបស់លោក ទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់។ តាមការចុះផ្សាយរបស់កាសែតអាមេរិកាំង លោកដូណាល់ ត្រាំ ត្រៀមខ្លួន រួចហើយដើម្បីប្រកាសថា អុីរ៉ង់មិនគោរព កិច្ចព្រមព្រៀង។ ជំហររបស់លោកដូណាល់ ត្រាំ ខុសផ្ទុយពីទីភ្នាក់ងារអន្តរជាតិផ្នែកថាមពលនុយក្លេអ៊ែរ AIEA ដែលបានបញ្ជាក់ ថា អុីរ៉ង់ បានគោរពធ្វើតាមកិច្ចព្រមព្រៀង។
ការបរិហាររបស់លោកដូណាល់ ត្រាំ នឹងបើកផ្លូវឲ្យសភាអាមេរិក (ក្នុងរយៈ ពេល៦០ឆ្នាំ) មានសិទ្ធិបោះឆ្នោត ដើម្បី សម្រេចដាក់ឡើងវិញ ទណ្ឌកម្មសេដ្ឋកិច្ច ទៅលើអុីរ៉ង់ ដែលអាមេរិកបានដកចេញ នៅក្រោយរកឃើញកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអុីរ៉ង់ នៅឆ្នាំ ២០១៥។ ជំហរផ្លាស់ប្តូររបស់រដ្ឋបាលអាមេរិកទៅលើកិច្ច ព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ កំពុងធ្វើឲ្យ ប្រទេសមហាអំណាចផ្សេងទៀត ដែល ចូលរួម នៅក្នុងការចរចានៅទីក្រុងវីយ៉ែន កើតក្តីព្រួយបារម្ភ។ ការចង់ត្រលប់ទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអុីរ៉ង់ មិនត្រឹមតែប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ច ដែល បានមកពីកិច្ចព្រមព្រៀងតែប៉ុណ្ណោះទេ ប៉ុន្តែ វានឹងលើកទឹកចិត្តផងដែរ ឲ្យអុីរ៉ង់ត្រូវត្រលប់ទៅជំរុញកម្មវិធីនុយក្លេអ៊ែរយោធា ដើម្បីក្លាយជាមហាអំណាចនុយក្លេអ៊ែរ មួយ ទៀត ដូចកូរ៉េខាងជើង៕ ម៉ែវ សាធី