ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មដែលជាម្ដាយនិងកូន៣នាក់ត្រូវបាននគរបាលធ្វើការបង្រ្កាបចាប់ខ្លួនពាក់ព័ន្ធករណីថ្នាំញៀន ។
ប្រតិបត្ដិការបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ស្ថិតកក្នុងភូមិព្រែកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យម្ដាយនិងកូនចាប់ខ្លួនបាន៣នាក់ ទី១-ឈ្មោះ នេត មុំ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាម្ដាយ) ទី២-ឈ្មោះ សោ សារ៉ន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាកូនស្រីបង) និងទី៣-ឈ្មោះ សោ ផារី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាកូនស្រីប្អូន) ។ ជនសង្ស័យទាំង៣នាក់មានទីលំនៅភូមិព្រែកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ។ ប្រតិបត្ដិការបង្រ្កាប់ចាប់ខ្លួនខាងលើនេះផងដែរ សមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន២៩កញ្ចប់ ,ម៉ូតូចំនួន១គ្រឿងម៉ាក YAMAHA Sirius ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ នគរបាល 1-6789 ,ទូរស័ព្ទដៃចំនួន៥គ្រឿង ,ប្រាក់រៀលចំនួន ១១,០០០រៀល ,សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។
ប្រភពដដែលបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្ដិ៍កំពង់កុង បានចល័តល្បាតនៅក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រងដើម្បីការពារ សន្តិសុខសណ្ដាប់ធ្នាប់ ។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានទទួលព័ត៌មានច្បាស់ការថា មានជនសង្ស័យ កំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀននៅចំណុចវត្តព្រែកឬស្សី ឃុំកំពង់កុង ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍កំពង់កុង សហការជាមួយកម្លាំងនគរបាលស្រុកកោះធំ និងនគរបាលប៉ុស្ដិ៍រដ្ឋបាលលើកដែក ចុះស៊ើបអង្កេតស្រាវជ្រាវដល់ចំណុចកើតហេតុខាងលើ ក៏បានជួបមុខសញ្ញាសង្ស័យ២នាក់ស្រីជាបងប្អូននិងគ្នា កំពុងជិះម៉ូតូ ១គ្រឿង ម៉ាកYAMAHA ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅឈប់ធ្វើការឆែករឆេរត្រួតពិនិត្យបានរកឃើញថ្នាំញៀនចំនួន១កញ្ចប់តូច នៅជាប់ខ្លួនជនសង្ស័យនិងប្រាក់រៀលចំនួន ១១,០០០រៀល ។ ភ្លាមនោះក៏នាំខ្លួនជនសង្ស័យទាំង២នាក់យកមកសួរនាំនៅប៉ុស្ដិ៍រដ្ឋបាលកំពង់កុង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ឆ្លើយថាថ្នាំញៀន១កញ្ចប់តូច នេះ គឺជារបស់ម្ដាយខ្លួន ឈ្មោះ នេត មុំ បានប្រើឲ្យយកទៅលក់អោយគេបន្ដ ។ ក្នុងពេលនោះដែរ សមត្ថកិច្ចក៏បានសុំការអនុញ្ញាតិពីលោក លាវ ស្រេង ព្រះរាជ្ញអាជ្ញាអមសាលាដំបូងខេត្តណ្ដាល ដឹកនាំដោយលោកវរៈសេនីយ៍ទោ ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានចុះត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានជនសង្ស័យខាងលើ រួចបានដកហូតថ្នាំញៀនចំនួន២៨កញ្ចប់តូចបន្ថែមទៀត និងទូរស័ព្ទដៃចំនួន៥គ្រឿង និង សម្ភារៈវេចខ្ចប់ថ្នាំញៀន មួយចំនួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ នេត មុំ បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន២៩កញ្ចប់តូចខាងលើនេះ ពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញមកពីឈ្មោះ ស្រេង ភេទប្រុស នៅរាជធានីភ្នំពេញ ដើម្បីយកលក់បន្ត ដោយមានកូនស្រី សោ សារ៉ន និង សោ ផារី ជាអ្នកធ្វើដំណើរ យកទៅលក់ឲ្យគេ ៕ ស្អាងជ័យ