ខេត្តកណ្ដាលៈ បុរសម្នាក់ទទួលរងរបួសធ្ងន់នៅកន្លែងកើតហេតុ ខណៈជិះម៉ូតូបុកគូថរថយន្ដពីក្រោយដែលចតលើចិញ្ចើមផ្លូវពុំដាក់ផ្លាកសញ្ញាអ្វីជាសម្គាល់ពេញមួយទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង២០និង១៥នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ លាស់ ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិប្រក់ក្តារ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណា្តល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CR-3032 ។ ចំណែករថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A-0840 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណរត់គេចខ្លួនក្រោយពេលកើតហេតុ ។
ប្រភពដដែលបានបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្ដបង្កបើកបរក្នុងទិសដៅពីត្បូងទៅជើង តាមបណ្ដោយផ្លូវជាតិលេខ៥ ខណៈមកដល់ចំណុចកើតហេតុរថយន្ដបង្កបានឈប់ក្បែរចិញ្ចើមផ្លូវដោយមិនដាក់ផ្លាកសញ្ញាអ្វីជាសម្គាល់នោះឡើយ ។ ភ្លាមនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម បើកបរដោយឈ្មោះ លាស់ ភារម្យ បានធ្វើដំណើរពីត្បូងទៅជើង (ស្របទិសជាមួយរថយន្ដបង្ក) ក្នុងល្បឿនលឿនក៏ឈប់មិនទាន់បានជ្រុលទៅបុកគូថរថយន្ដពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យដួលបោកទៅនិងផ្លូវទទួលរងរបួសធ្ងន់ ។ ចំណែកឯអ្នកបើកបររថយន្ដបានរត់គេចខ្លួនក្រោយពេលកើតហេតុ ។ ក្រោយពីទទួលបានព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ខាងលើ ភ្លាមនោះកម្លាំងនគរបាលចរាចរណ៍បានចុះមកអន្ដរាគមន៍ពិនិត្យធ្វើការវាស់វែងនិងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីររាជធានីភ្នំពេញ ។
ក្រោយពីធ្វើការវាស់វែងរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ករណីខាងលើនេះគឺបណ្ដាលមកពីរថយន្ដបង្កឈប់ក្បែរចិញ្ចើមផ្លូវធ្វេសប្រហែសមិនដាក់ផ្លាកសញ្ញាអ្វីមួយដើម្បីជាសម្គាល់នោះទេ ទើបធ្វើឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូបុកពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់យ៉ាងដូច្នេះ ៕ ស្អាងជ័យ