ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នេះលោក គី រិទ្ធី ចៅក្រមជំនុំ ជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបាន បើកសវនាការប្រកាសសាលក្រមផ្តន្ទា ទោសជនជាប់ចោទទី១ឈ្មោះ ជឿង ថេង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរយោធាភូមិ ភាគទី៣ ដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៩៧, ៣០៤, ១៤០រៀល ដាក់ចូលជាថវិការដ្ឋនិងទី២ ឈ្មោះ គូ សុខខឿន ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរលក់ដូរឈើ លំនៅភូមិគោក ឃុំ សង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ ។ ប៉ុន្តែ ទោសទាំងអស់ត្រូវព្យួរធម្មតា និងពិន័យ ជាប្រាក់ចំនួន១៤០.៧០៥.៨០២រៀល ដាក់ចូលជាថវិការដ្ឋ ពីបទ៖១-ដឹកជញ្ជូន ផល អនុផលព្រៃឈើដោយគ្មានលិខិត អនុញ្ញាត
២-ធ្វើសន្និធិផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត
៣-ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ប្រព្រឹត្តកាលពីថ្ងៃ ទី២២ ខែធ្នូ ឆ្នាំ២០១៦ ចំណុចដេប៉ូឈើ ស្ថិតក្នុងភូមិផ្សារកន្ទូត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យោងតាមមាត្រា ៩៦ និងមាត្រា៩៨ នៃច្បាប់ ស្តីពីព្រៃឈើ។
សាលក្រមនេះបានសម្រេចរឹបអូសវត្ថុ តាងជាឈើដែលខុសច្បាប់ទាំងអស់ទុកជាសម្បត្តិរដ្ឋ និងបានសម្រេចបើកទ្វារដេប៉ូឈើដែលត្រូវសមត្ថកិច្ចបិទពេលចុះបង្ក្រាបនោះ ដើម្បីឱ្យម្ចាស់មានឱកាសរកស៊ីដូចដើមវិញ។
សូមជម្រាបថា សវនាការនៅព្រឹកថ្ងៃ ទី១២ ខែតុលា និងកាលពីពេលកន្លងទៅគឺ មិនមានវត្តមាន ជនជាប់ចោទឈ្មោះ ជឿង ថេង និងឈ្មោះ គូ សុខខឿន នោះទេ ដោយ មានតែមេធាវីតំណាងតែប៉ុណ្ណោះ។
យោងតាមអំណាចចម្លើយរបស់ជនជាប់ចោទឈ្មោះ ជឿង ថេង និងឈ្មោះ គូ សុខ ខឿន បានទទួលស្គាល់ថា ខ្លួនពិតជាបាន ប្រមូលទិញឈើប្រភេទធ្នង់ ខុសច្បាប់ពី ពលរដ្ឋមកស្តុកទុកនៅក្នុងដេប៉ូខ្លួនមែន។
យោងតាមការបញ្ជាក់របស់លោក អ៊ូ សាមឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើ ឱរ៉ាល់ បានឱ្យដឹងថា នៅថ្ងៃចុះទៅឆែកឆេរដេប៉ូស្តុកឈើរបស់ជនជាប់ចោទជាប្តីប្រពន្ធខាងលើសមត្ថកិច្ចចម្រុះ បានរកឃើញ វត្ថុតាងខុសច្បាប់មួយចំនួនធំរួមមាន ៖
១-រថយន្ត ដឹកឈើ ម៉ាកហ៊ីយ៉ាន់ដាយ ចំនួន២គ្រឿង ២-ឈើប្រណិតប្រភេទ លេខ១ ធ្នង់ចំនួន១១១កំណាត់ ស្មើនឹង ៨.៥០៣ម៉ែត្រគូប កាត់ជាជ្រុងៗ ,៣-ឈើ ប្រណីតប្រភេទលេខ១ឈ្លីចចំនួន ១០០០ ដើម ស្មើនឹង១០០.១២៩ម៉ែត្រគូប កាត់ ជាជ្រុងៗ ,៤-ឈើប្រភេទលេខ១ ខ្លុង ត្បែង អារ ចំនួន១,២៦៩សន្លឹក ស្មើនឹង១៩.៥៥៨ ម៉ែត្រគូប៥-ឈើអារគុណភាព៥០ភាគរយ ចំនួន១,២៨៩សន្លឹក ស្មើនឹង ២០.៧៣៥ ម៉ែត្រគូប ។
លោកបន្តថា ក្រោយពេលដកហូតវត្ថុ តាងទាំងអស់ត្រូវបានបញ្ជូនទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ស្ថិតនៅស្រុកសំរោងទង។
គួររំលឹកថា ជនជាប់ចោទឈ្មោះ ជឿង ថេងជាមន្ត្រីយោធាស័ក្តិ៤នៃយោធភូមិភាគ ៣ ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងកងរាជ អាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនតាមដីកាបង្គាប់របស់តុលាការក្រុងភ្នំពេញ កាលពី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុច ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុង តាខ្មៅ ខេត្តកណ្ដាល ។
ជនជាប់ចោទឈ្មោះ ជឿង ថេង ក៏ធ្លាប់សមត្ថកិច្ចចាប់ដាក់គុកនៅខេត្តកំពតកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ម្តងរួចមក ហើយ ពាក់ព័ន្ធសំណុំរឿងដឹក ឈើទៅលក់ នៅប្រទេសវៀទតណាម តាមច្រកទាន់ហន់ បណ្ដាលឱ្យបាក់ស្ពានតានៃស្ថិតក្នុងភូមិ ជ័យសេនា ឃុំកោះស្លា ស្រុកឈូក ខេត្ត កំពត កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ។
ក្រោយពីបានឃុំខ្លួនមួយចម្អិនកំពឹស រួចមកជនជាប់ចោទឈ្មោះ ជឿង ថេង ក៏ត្រូវបានតុលាការខេត្តកំពតដោះលែងវិញ ក្រោមហេតុផលថា បានតម្កល់ប្រាក់សងថ្លៃខូចខាតស្ពានចំនួន ២០០លានរៀល។
នៅពេលចេញពីគុកវិញជនជាប់ចោទ បានបន្តសកម្មភាព ដើរប្រមូលទិញឈើ ប្រណីតប្រភេទធ្នង់នៅតំបន់ឱរ៉ាល់នៃខេត្តកំពង់ស្ពឺដឹកយកទៅលក់នៅប្រទេសវៀតណាម តាមច្រកទាន់ហន់ដដែលដោយ មិនញញើតច្បាប់ និងមន្ត្រីអាជ្ញាធរឡើយ ដោយសារតែរូបគេអាងបុណ្យស័ក្តិជា ទាហាន និងមានអ្នកជួយជ្រោមជ្រែងពី ខាងក្រោយ។
តែចុងក្រោយជនជាប់ចោទជាឈ្មួញឈើដ៏មានឥទ្ធិពលប្រចាំខេត្តកំពង់ស្ពឺរូបនេះនៅតែជាប់ខ្នោះរបស់សមត្ថកិច្ចសា ជាថ្មី ៕ ហេង នរិន្ទ្រ