ភ្នំពេញ៖ មន្ត្រីធនាគារអេស៊ីលីដា៤នាក់សាខាខេតបាត់ដំបង ពាក់ព័ន្ធករណីកិបកេងប្រាក់ធនាគារជិត២លានដុល្លារអាមេរិក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែតុលា នេះ បើកសវនាការជំនុំជម្រះ ។ ប៉ុន្តែក្រោយការសួរដេញដោល ពេញមួយព្រឹក លោក សេង លាង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លើកពេលបន្តសវនាការទៅថ្ងៃទី២៦ ខែតុលា ខាងមុខនេះវិញ ។
រឿងក្ដីនេះ ដំបូងមានមន្ត្រី៦នាក់ត្រូវបានឃាត់ខ្លួន តែក្រោយមកនៅដំណាក់កាលចៅក្រមស៊ើបសួរ បានសម្រេចលើកលែងការចោទប្រកាន់មនុស្ស២នាក់វិញ ហើយសល់តែ៤នាក់ប៉ុណ្ណោះ ដែលបញ្ជូនមកជំនុំជម្រះ ។
មន្ត្រីទាំង៤នាក់នេះឈ្មោះ ឈន ទីន ជាប្រធានការិយាល័យឥណទានស្រុកឯកភ្នំ ខេត្តបាត់ដំបង ឈ្មោះ ស៊ីវ សុភ័ក្រ ឈ្មោះ ឡេវ ឆាយ និង ឈ្មោះ មឿន សំណង់ ជាមន្ត្រីធនាគារខេត្តបាត់ដំបង ។ ចំណែកមនុស្សពីរនាក់ទៀត ដែលត្រូវបានចៅក្រមស៊ើបសួរ លើកលែងការចោទប្រកាន់ឈ្មោះ ញឹក សារ៉ន ប្រធានសាខាធនាគារអេស៊ីលីដា ខេត្តបាត់ដំបង និង ឈ្មោះ ជា សិលា ប្រធានឥណទានខេត្តបាត់ដំបង ។
ជនជាប់ចោទ៤នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទ”រំលោភលើទំនុកចិត្តពិសេសដោយអភិបាលឬបុគ្គលផ្សេងទៀត និង បទ ក្លែងបន្លំ “ តាមមាត្រា៣៩១មាត្រា៣៩៣មាត្រា៦២៦ និងមាត្រា៦២៧នៃក្រមព្រហ្មទណ្ឌ ។
ពាក់ព័ន្ធករណីនេះ ប្រភពព័ត៌មានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៤រហូតមកដល់ឆ្នាំ ២០១៦ មន្ត្រីធនាគារអេស៊ីលីដាសាខាខេត្តបាត់ដំបង បានឃុបឃិតគ្នាក្លែងបន្លំឯកសារជាទម្រង់អតិថិជនខ្ចីចងការប្រាក់ ។ ប៉ុន្តែគ្មានមនុស្សពិតប្រាកដឡើយ ដោយសរុបមានឯកសារក្លែងបន្លំនេះរហូតដល់ទៅ ១២ ឯកសារ និង ដកប្រាក់អស់ចំនួន ១.៧០០.០០០ដុល្លារអាមេរិក ។
ក្រោយមកមានការផ្លាស់ប្ដូរតួនាទីថ្នាក់ដឹកនាំសាខាធនាគារខេត្តបាត់ដំបង ទើបបែកការណ៍ពីករណីក្លែងបន្លំឯកសារ និង ដកប្រាក់ ទើបធនាគារអេស៊ីលីដាកណ្ដាលនៅភ្នំពេញ បញ្ជូនក្រុមអ្នកធើ្វអធិការកិច្ចទៅខេត្តបាត់ដំបង រកឃើញពីភាពមិនប្រក្រតីនេះ ហើយប្ដឹងទៅក្រសួងមហាផ្ទៃចាត់ការតែម្ដង៕ ចេស្តា