ខេត្តបន្ទាយមានជ័យ៖ គ្រាដែលខេត្តបន្ទាយមានជ័យ កំពុងតែរងគ្រោះដោយទឹកជំនន់ សេចក្តីរាយារណ៍ឲ្យដឹងថា យ៉ាងហោចណាស់រយៈពេលមួយថ្ងៃប៉ុណ្ណោះមានមនុស្សចាស់១នាក់ និងកុមារ២នាក់ ដែលជាបងប្អូនជីដូនមួយនឹងគ្នាបានស្លាប់ដោយសារលង់ទឹក ទឹកស្ទឹង និងទឹកប្រឡាយ នៅក្នុងហេតុការណ៍២ករណីផ្សេងគ្នា នៅស្រុកមង្គលបុរី និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។
ករណីទី១,បើតាមប្រភពព័ត៌មានពីលោកនាយប៉ុស្ថិ៍នគរបាលរដ្ឋបាលឃុំបត់ត្រង់ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ស្រ្តីមេម៉ាយម្នាក់ មានឈ្មោះ ប៉ុល វណ្ណៈ អាយុ៥០ឆ្នាំ រស់នៅភូមិបត់ត្រង់លិច ឃុំបត់ត្រង់ ស្រុកមង្គលបុរី បានអ៊ុំទូកម្នាក់ឯងមានសភាពស្រវឹងស្រាឆ្លងទឹកស្ទឹងមង្គលបុរីដែលទឹកកំពុងជន់ឡើងមកពីត្រើយម្ខាងកន្លែងជួបមិត្តភក្តិផឹកស្រាក្នុងគោលបំណងមកផ្ទះវិញ ។ ខណៈស្រីរូបនោះកំពុងអ៊ុំទូកទំនងជាគាត់ស្រវឹងខ្លាំង ក៏ធ្លាក់ពីទូកចូលទឹកស្ទឹងបណ្តាលឲ្យលង់ទឹក ។ រំពេចនោះមានប្រជាពលរដ្ឋនាំគ្នាទៅជួយសង្រ្គោះភ្លាមៗផងដែរ ក៏ប៉ុន្តែការជួយសង្រ្គោះវាយឺតពេលទម្រាំរកឃើញស្រង់ស្រ្តីរងគ្រោះពីទឹកស្ទឹងស្រ្តីរងគ្រោះបានលង់ទឹកដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ករណីទី២,បើតាមប្រភពព័ត៌មានពីនាយប៉ុស្ថិ៍នគរបាលសង្កាត់និមិត្តប្រាប់ឲ្យដឹងថា កុមារ២នាក់បងប្អូនជាដូនមួយនឹងគ្នាបានលង់ទឹកប្រឡាយនៅក្បែរផ្ទះស្លាប់ទាំង២នាក់ គ្រាដែលកុមារទាំង២នាក់នោះចុះទៅលេងទឹក ខណៈជីដូនជីតាជាប់រវល់ទៅផ្សារទិញម្ហូបទុកឲ្យឳពុកមាមើល។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កុមាររងគ្រោះមានឈ្មោះ ១,ដួង ពេជ្រ ភេទប្រុស អាយុ២ឆ្នាំ ២,សេង លីលី ភេទស្រី អាយុ១ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលើ។
លោកនាយប៉ុស្ថិ៍ប្រាប់ឲ្យដឹងទៀតថា ក្មេងរងគ្រោះទាំង២នាក់ឳពុកម្តាយទៅធ្វើការងារនៅប្រទេសថៃចោលអស់ទុកពួកគេឲ្យជីដូនជីតាមើលថែ។ នៅមុនពេលកើតហេតុជីដូនជីតា បាននាំគ្នាទៅទិញម្ហូបនិងទឹកដោះគោនៅផ្សារកូនដំរី ទុកកុមារទាំង២នាក់ឲ្យឳពុកមាមើលជំនួស។ លុះបន្ទាប់មកគេមិនដឹងថា កុមាររងគ្រោះបានចុះទៅលេងទឹកប្រឡាយក្បែរផ្ទពីពេលណានោះទេ។ក្រោយពីជីដូនជីតាត្រឡប់មកពីផ្សារវិញ ក៏សួរឳពុកមាថា ក្មួយៗទៅណាអស់ហើយ។ឳពុកមានោះប្រាប់ថាមិនដឹងទៅណាទេដោយសារខ្លួនបានដេកលក់។រំពេចនោះ ជីដូនជីតាក៏នាំគ្នាដើររកកន្លែងទឹកប្រឡាយក៏ស្រាប់ប្រទះឃើញកុមារទាំង២នាក់លង់ទឹកបាត់ទៅហើយ ក៏នាំគ្នាចុះស្រង់ពីទឹកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ុន្តែដល់មន្ទីរពេទ្យកុមារទាំង២នាក់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។សពកុមាររងគ្រោះក៏បានយកមកចាត់ចែងធ្វើបុណ្យនៅក្នុងវត្តកូនធំសង្កាត់និមិត្ត។
នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត ក៏បាននាំយកអង្ករ១ការ៉ុង ថវិកា២០ម៉ឺនរៀល និងក្តាមឈូសចំនួន២ ដែលជាអំណោយលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ក្នុងការចូលរួមរំលែកទុក្ខនិងដោះស្រាយទុក្ខលំបាករបស់ក្រុមគ្រួសារសពដែលមានភាពក្រីក្រនោះ។
សូមបញ្ជាក់ថាក្នុងរយៈពេលជាងកន្លះខែមកនេះខេត្តបន្ទាយមានជ័យបានរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនៅក្នុងស្រុកនិងទឹកជំនន់មកពីប្រទេសថៃជាបន្តបន្ទាប់។ ស្រុកម៉ាឡៃ ជាប់ព្រំដែនកម្ពុជា-ថៃ បានរងគ្រោះមុនគេ ផ្ទះប្រជាពលរដ្ឋជាង៣០០ខ្នងរងការជន់លិច។ ក្រោយពីទឹកជំនន់នៅស្រុកម៉ាឡៃស្រកចុះទៅវិញ ទឹកជំនន់នោះ ក៏បានហូរធ្លាក់បុកយ៉ាងគំហុក ចំក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ។ សេចក្តីរាយការណ៍ឲ្យដឹងថា ស្រុកក្រុងទាំង៣នេះ បានរងគ្រោះដោយទឹកជំនន់តាមកន្លែងមួយចំនួននោះហើយ។ ស្រូវស្រែ និងផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកក្រុងទាំង៣នេះក៏កំពុងរងការជន់លិច។
ខណៈដែលស្ថានភាពទឹកនៅចំណុចទំនប់អូរកណ្តាលសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណបានជន់លិចខ្លាំងជាងគេ ស្រូវស្រែនៅតំបន់ទំនប់អូរកណ្តោលរាប់សិបពាន់ហិកតាកំពុងប្រឈមជន់លិចរងការខូចខាត ។សេចក្តីរាយការណ៍ឲ្យដឹងថាទឹកបានកកស្ទះដោយសារតែមានការចាក់ដីឡប់ប្រឡាយរំដោះទឹកជំនន់នៅក្នុងតំបន់នោះទើបធ្វើឲ្យស្ថានភាពទឹកនៅចំណុចទំនប់អូរកណ្តោលមិនអាចហូរធ្លាក់ទៅផ្នែកខាងក្រោមបានឆាប់រហ័សនោះឡើយ។
ពាក់ព័ន្ធបញ្ហានេះ អ្នកយកព័ត៌មានបានទំនាក់ទំនង លោក យិម ប៊ុនរុំ ប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យឲ្យជួយបំភ្លឺនោះផងដែរ ប៉ុន្តែទូរស័ព្ទលោកហៅចូលគ្មានអ្នកទទួល៕ សំ វិច្ឆិកា