ព័ត៌មានទាន់ហេតុការណ៍៖

ជនរងគ្រោះ​ស្រែក​ថា​ អយុត្តិធម៌​ខ្លាំង​ណាស់​​ពេល​អនុប្រធាន​តុលាការ​ខេត្ត​តាកែវ​ ដោះលែង​មន្ត្រី​នគរបាលស័ក្តិ៣ម្នាក់ បោកលុយប្រជាពលរដ្ឋជាង​៧ម៉ឺន​ដុល្លារអាមេរិក​

ចែករំលែក៖

ខេត្តតាកែវ​៖ ជនរងគ្រោះ​ ស្រែក​ថា​ អយុត្តិធម៌​ខ្លាំង​ណាស់​ ពេល​ដែល​លោក​ អឿង​ វណ្ណា​ អនុប្រធាន​តុលាការ​ខេត្ត​តាកែវ​ និង​ជា​ចៅក្រម​ស៊ើបសួរ​ សម្រេច​នៅ​ថ្ងៃទី​១៣​ ខែ​តុលា​ ឆ្នាំ​២០១៧​ ដោះលែង​មន្ត្រី​នគរបាល​ថ្នាក់​អនុសេនីយ៍​ឯក​ម្នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ករណី​ឆបោក​ប្រាក់​ជាង​៧ម៉ឺន​ដុល្លារ​អាមេរិក​ ។
ជនសង្ស័យរូបនេះ​ឈ្មោះ​ សេង​ ម៉ានីត​ ត្រូវបានចាប់ខ្លួន និងបានបញ្ជូនភ្លាមៗទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ កាលពី​ថ្ងៃទី​១២​ ខែ​តុលា​ ។​ ប៉ុន្តែនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ ត្រូវបានលោក អឿង វណ្ណា អនុប្រធានតុលាការខេត្តតាកែវ អនុញ្ញាត​ឱ្យ​នៅក្រៅឃុំ​បណ្តោះអាសន្ន​ បន្ទាប់ពីការសួរនាំចប់។

គួរ​បញ្ជាក់​ថា​ មន្ត្រីនគរបាលថ្នាក់អនុសេនីយ៍ឯក ផេង ម៉ានីត បានឆបោកប្រាក់ពីឈ្មោះ ជា វិបុល ឱ្យ​យកប្រាក់ជាង​៧ម៉ឺន​ដុល្លារអាមេរិក​ ទៅទិញដីនៅភូមិ​ឫស្សី​មួយគុម្ព ភូមិអូសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីកំឡុងខែឧសភា ឆ្នាំ២០១៥ ។

បន្ទាប់ពីទទួលប្រាក់រួច​ ឈ្មោះ ផេង ម៉ានីត ក៏គេចខ្លួនបាត់​រហូត ហើយជនរងគ្រោះឈ្មោះ ជា វិបុល ក៏បានយកភស្តុតាង ទាំងអស់ទៅដាក់ពាក្យបណ្តឹង នៅតុលាការខេត្តតាកែវ។

បន្ទាប់មក តុលាការខេត្តក៏បានសម្រេច​ឱ្យ​ឃុំខ្លួនឈ្មោះ ផេង ម៉ានីត ពី​បទ​ឆបោក​តាមមាត្រា៣៧៧និងមាត្រា​៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែនៅព្រឹកថ្ងៃទី១៣ ខែតុលា នេះក្រោយព​ចាប់​ខ្លួនជនល្មើសបានមួយថ្ងៃ ស្រាប់​តែ​លោក អឿង វណ្ណា ជាអនុប្រធានតុលាការខេត្ត​តាកែវ​ បានអនុញ្ញាត​ឱ្យ​នៅក្រៅឃុំ​បណ្តោះអាសន្ន​វិញ​។ ការសម្រេចបែបនេះ ធ្វើ​ឱ្យ​ជនរងគ្រោះមិនសុខចិត្ត និងអំពាវនាវ​ឱ្យ​លោកចៅក្រម ចាត់ការតាមច្បាប់ចំពោះជនល្មើស។

យ៉ាងណាក៏ដោយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧​ មិនទាន់អាចសុំការបកស្រាយពីលោកអនុប្រធានតុលាការ អឿង វណ្ណា បាននោះទេ៕ ចេស្តា


ចែករំលែក៖