ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានក្រុមសារប្រទះឃើញលង់ទឹកស្លាប់យ៉ាងរន្ធត់ ខណៈនៅពេលបុរសរងគ្រោះរូបនេះគាត់បានដើរឆ្លងទឹកបឹងទៅកាប់អុស ដែលករណីនេះគេសង្ស័យអាចបណ្ដាលមកពីខ្យល់គរ ព្រោះជនរងគ្រោះក៏ស្រវឹងស្រាផងនោះដែរ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៧ ត្រង់ចំណុចទឹកបឹងច្រាបកំពុងឆ្លង ស្ថិតក្នុងភូមិកំពង់ស្ទោង សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ទោ យឹម ស៊ាងហៃ អធិការនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនរងគ្រោះលង់ទឹក(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ សេង ឡុ ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកំពង់ស្ទោង សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់(កន្លែងកើតហេតុ)។
លោកបន្តថា ជនរងគ្រោះដែលបានលង់ទឹកបឹង(ស្លាប់)ខាងលើនេះ បើតាមការស្រាវជ្រាវពីមន្រ្តីជំនាញកោសល្យវិច័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋាន ជាមួយក្រុមគ្រួសារសាច់ញាតិនៃសាកសពឃើញថា ជនរងគ្រោះគាត់ដើរទឹកបឹងក្នុងគោលបំណងទៅកាប់អុស ប៉ុន្តែជាអកុសលក៏បានលង់ទឹកស្លាប់នេះ ដូច្នេះបញ្ហានេះអាចបណ្ដាលមកពីខ្យល់គរ ក៏ថាបានព្រោះដឹងថា គាត់ក៏ស្រវឹងស្រាផងដែរ។
ប្រភពបញ្ជាក់ថា ក្រោយជំនាញធ្វើការស្រាវជ្រាវជំវិញកន្លែងកើតហេតុ ដោយមិនឃើញមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យក្នុងករណីឃាតកម្មទេនោះ ក៏បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន