ព័ត៌មានទាន់ហេតុការណ៍៖

ខ្វះការប្រុងប្រយ័ត្នបើកម៉ូតូទៅបុកឡានដឹកដីរងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តតាកែវ៖ បុរសពីរនាក់ ដោយសារបើករខ្វះការប្រុងប្រយ័ត្នបានជួបគ្រោះថ្នាក់ចរាចរន៍ចៃដន្យ និងរងរបួសធ្ងន់ បន្ទាប់ពីពួកគេបើកម៉ូតូ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ទៅបុកជាមួយនឹងរថយន្តដឹកដីមួយចំពីមុខពេញទំហឹង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៦និង២០ នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២១០៧ នៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ស្ថិតនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យុត ស៊ុយ ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ សុខ រី ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិកន្ទួតធំ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ។

តាមសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកម៉ូតូម៉ាកវ៉េវ ពណ៍ខ្មៅ ដោយមិនមានពាក់មួកសុវត្ថិភាព បើកមកពីទិសខាងត្បូងទៅជើង ស្រាប់តែមកដល់កន្លែងកើតហេតុបានបើកជែងរថយន្តមួយគ្រឿងនៅខាងមុខ ក៍ជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តដឹកដីដែលបើកមកពីជើងទៅត្បូង ចំពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះបន្ទាប់ នៅឯមន្ទីពេទ្យបង្អែកខេត្តតាកែវ ដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរស្រុកទ្រាំង រង់ចាំការដោះស្រាយនៅពេលក្រោយ៕ ភ្នំដា


ចែករំលែក៖