ភ្នំពេញ៖ ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល ដែលបាញ់សន្តិសុខស្លាប់ព្រោះទំនាស់ពាក្យសម្ដី ត្រូវបានលោក ម៉េង តូនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោមចោទប្រកាន់ពីបទ”ឃាតកម្ម”តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ។
គួរបញ្ជាក់ថា កាលពីម៉ោងជាង៩យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ មានហេតុការណ៍បាញ់ប្រហារទៅលើបុរសម្នាក់ បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលជនសង្ស័យជាមន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឈ្មោះ សាន បូរី។ ជនសង្ស័យបានបាញ់ប្រហារទៅលើជនរងគ្រោះចំនួន៣គ្រាប់ ដោយប្រើប្រាស់កាំភ្លើងម៉ាក រ៉ូឡូ។
ដោយឡែកជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ សែម ចាន់ថន សន្តិសុខនៅតាមរោងចក្រ និងអតីតសន្តិសុខនៅផ្សារស្ទឹងមានជ័យ។ ការសន្និដ្ឋានជំហានដំបូងដែលនាំឱ្យមានការបាញ់ប្រហារនេះ បណ្ដាលមកពីជម្លោះដោយសារច្រៀងខារ៉ាអូខេ ហើយជនសង្ស័យខឹងជនរងគ្រោះនិយាយច្រើន ក៏រត់ទៅយកកាំភ្លើងមកបាញ់ជនរងគ្រោះតែម្តង។
សម្រាប់អំពើឃាតកម្មនេះ ត្រូវបានមន្រ្តីនគរបាលជាន់ខ្ពស់រាជធានីភ្នំពេញ បានចាត់ទុកថា ជារឿងបុគ្គល និងត្រូវទទួលខុសត្រូវតាមច្បាប់ ហើយនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានបញ្ជាឱ្យកម្លាំងជំនាញ ចាត់វិធានការតាមច្បាប់ ដោយមិនលើកលែងនោះឡើយ៕ ចេស្តា