ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិស​បាញ់​សន្តិសុខ​ស្លាប់​នៅ​ស្ទឹង​មានជ័យ​ ត្រូវ​តុលាការ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​

ចែករំលែក៖

ភ្នំពេញ​៖ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ដែល​បាញ់​សន្តិសុខ​ស្លាប់​ព្រោះ​ទំនាស់​ពាក្យ​សម្ដី​ ត្រូវ​បាន​លោក​ ម៉េង​ តូនី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៧​ ខែ​តុលា​ ឆ្នាំ​២០១៧​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ក្រោម​ចោទប្រកាន់​ពី​បទ​”ឃាតកម្ម​”តាម​មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​។

គួរ​បញ្ជាក់​ថា​ កាលពី​ម៉ោងជាង៩យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ មានហេតុការណ៍បាញ់ប្រហារទៅលើបុរសម្នាក់ បណ្ដាល​ឱ្យ​ស្លាប់ក្នុងថ្លុកឈាម នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលជន​សង្ស័យ​ជាមន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឈ្មោះ សាន បូរី។ ជនសង្ស័យ​បានបាញ់ប្រហារទៅលើជនរងគ្រោះចំនួន៣គ្រាប់ ដោយប្រើប្រាស់កាំភ្លើងម៉ាក រ៉ូឡូ។

ដោយឡែកជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ​ សែម ចាន់​ថន សន្តិសុខនៅតាមរោងចក្រ និងអតីតសន្តិសុខ​នៅផ្សារស្ទឹងមានជ័យ។ ការសន្និដ្ឋានជំហានដំបូងដែលនាំ​ឱ្យ​មានការបាញ់ប្រហារនេះ បណ្ដាលមកពីជម្លោះដោយសារច្រៀងខារ៉ាអូខេ ហើយ​ជនសង្ស័យ​ខឹងជនរងគ្រោះនិយាយច្រើន ក៏រត់ទៅយកកាំភ្លើងមកបាញ់ជនរងគ្រោះតែម្តង។

សម្រាប់អំពើឃាតកម្មនេះ ត្រូវបានមន្រ្តីនគរបាលជាន់ខ្ពស់រាជធានីភ្នំពេញ បានចាត់ទុកថា ជារឿងបុគ្គល និងត្រូវទទួលខុសត្រូវតាមច្បាប់ ហើយនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានបញ្ជា​ឱ្យ​កម្លាំងជំនាញ ចាត់វិធានការតាមច្បាប់ ដោយមិនលើកលែងនោះឡើយ៕ ចេស្តា


ចែករំលែក៖