ព័ត៌មានទាន់ហេតុការណ៍៖

លួចកាច់សោកម៉ូតូបានហើយតែរត់មិនរួចត្រូវប្រជាពលរដ្ឋវាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើននាក់បានខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូមួយគ្រឿងបានសម្រេច តែជិះរត់មិនរួច និងនាំគ្នាព្រួតវាយម្នាក់មួយដៃមួយជើង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះតែស្អប់ឈ្មោះថាចោរ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី ១៧ តុលា ២០១៧ ចំណុចផ្ទះជួលដំបូលខៀវ បន្ទប់លេខP1-08 ផ្លូវលំ ក្រុមទី១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ព្រាប បញ្ញា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

រីឯជនរងគ្រោះ ឈ្មោះ អ៊ាត ហុកជា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ សព្វថ្ងៃស្នាក់នៅបន្ទប់លេខP1-08ផ្លូវលំ ក្រុមទី១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែក ម៉ូតូដែលជនសង្ស័យលួច៖ ម៉ាកហុងដា សេ១២៥ ស៊េរី ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ1DA-2947 (យកបានមកវិញ)។

ប្រភពបាន បន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែងធ្វើការនៅរោងចក្រម្តុំភូមិទួលពង្រ មកបន្ទប់ជួល P1-08 ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ពេលនោះជនរងគ្រោះបានចាក់សោម៉ូតូមុខបន្ទប់ដើរចូលបន្ទប់ទឹក ដោយទុកកូនសោម៉ូតូលើតុ លុះពេលជនរងគ្រោះចេញមកវិញ ស្រាប់តែឃើញជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន ភ្លាមនោះ ជនរងគ្រោះបានស្រែកឆោឡោ ឲ្យគេជួយ ក៏ផ្អើលដល់អ្នកក្បែរខាងជួយស្ទាក់ចាប់បានជនសង្ស័យនោះបាន ហើយ ប្រជាពលរដ្ធបាននាំគ្នាព្រួតវាយជនសង្ស័យបណ្តាលឲ្យរងរបួសធ្ងន់ ហើយប្រជាពលរដ្ធបានរកឃើញ កូនសោលេខ៨ ចំនួន១ ដែកសំរាប់កាច់សោក ម៉ូតូចំនួន២ និងសោម៉ូតូចំនួន១ ។

បច្ចុន្បន្នជនសង្ស័យកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ដោយមានការ ការពារពីកម្លាំងសមត្ថកិច្ចរង់ចាំដឹងខ្លួនទើបសួរចម្លើយបន្ត៕ សុខាសែនជ័យ


ចែករំលែក៖