ព័ត៌មានទាន់ហេតុការណ៍៖

គ្រប់ផ្នែកខំចាប់ តែចៅក្រម អេង ចំណាប់ដោះលែងឈ្មួញឈើនាំឲ្យមានប្រតិកម្ម

ចែករំលែក៖

ខេត្តក្រចេះ៖ ប្រធានសាលាដំបូងខេត្ត ក្រចេះលោក ឌិត ស៊ីវុទ្ធី, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះលោក កែវ សុជាតិ, ព្រះរាជអាជ្ញារងដឹកនាំកម្លាំងប្រតិបត្តិការលោក ជា សុភ័ក្រ, អភិបាលស្រុកស្នួល លោក គង់ គឹមនី និងសមត្ថកិច្ចទាំងនគរ បាល កងរាជអាវុធហត្ថ ដែលចូលរួមប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់ បានចេញមកប្រតិកម្ម និងរិះគន់យ៉ាងខ្លាំងទៅលើចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ក្រចេះម្នាក់គឺលោក អេង ចំណាប់ ដែល បានដោះលែងឈ្មួញដឹកជញ្ជូនឈើខុស ច្បាប់ម្នាក់ឲ្យត្រឡប់ទៅវិញបន្ទាប់ពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើនតាមបង្ក្រាប និងចាប់ខ្លួនជនល្មើសរូបនេះបានយ៉ាង លំបាក ពោលគឺជនល្មើសបានបើករថយន្ដបុករថយន្ដសុីរ៉ែនរបស់សមត្ថកិច្ចទៀតផង។

បន្ថែមពីលើប្រតិកម្ម និងរិះគន់ជាបន្ដ បន្ទាប់នេះប្រធានសាលាដំបូងខេត្តនិងព្រះរាជអាជ្ញាខេត្តក្រចេះគ្រោងសរសេរលិខិតមួយទៅកាន់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ដើម្បីសុំឲ្យចាត់ការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងទៀតផង ។

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ កម្លាំងសមត្ថកិច្ចចម្រុះទាំងនគរបាលនិង កងរាជអាវុធហត្ថស្រុកស្នួលក្រោមការ សម្របសម្រួលពីព្រះរាជអាជ្ញារងជា សុភ័ក្រ និងដឹកនាំបញ្ជាផ្ទាល់ពីលោក គង់ គឹមនី ប្រធានគណៈបញ្ជាការឯកភាពស្រុកស្នួល បានបើកប្រតិបត្តិការចុះទៅបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់នៅក្នុងទឹកដីស្រុក ស្នួល ស្ថិតនៅលើផ្លូវជាតិលេខ៧ ក្នុងឃុំ ឃ្សឹម ដោយឃាត់បានរថយន្តដឹកឈើ និង ដឹកអុសស្រស់រហូតដល់២៥គ្រឿង ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកបើករថយន្ដដឹកឈើម្នាក់ឈ្មោះ រី សុភា អាយុ៣១ឆ្នាំ រស់នៅស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ បន្ទាប់ពីជននេះបានបើករថយន្ដគេចពីសមត្ថកិច្ច ហើយបុករថយន្ដសុីរ៉ែន របស់សមត្ថកិច្ចបន្ទាប់ពីដេញបង្ក្រាបរូបគេ។

លុះពេលចាប់ខ្លួនរួចជនសង្ស័យត្រូវ បានបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ ហើយត្រូវបានតំណាងអយ្យការចោទ ប្រកាន់ជាផ្លូវការ ប៉ុន្ដែគួរឲ្យភ្ញាក់ផ្អើលនៅពេលសំណុំរឿងនេះបញ្ជូនទៅដល់ដៃចៅក្រម អេង ចំណាប់ បែរជាត្រូវដោះលែង ទៅវិញ ។

ព្រះរាជអាជ្ញារង ជា សុភ័ក្រ បានឲ្យដឹង ថា ការដោះលែងនេះពិតជាមានភាពមិនប្រក្រតីលើនីតិវិធីប្រាកដមែន ហើយស្ថាប័ន អយ្យការនឹងប្ដឹងជំទាស់ករណីនេះទៅកាន់សាលាឧទ្ធរណ៍បន្ដទៀត ។

ដោយឡែកអភិបាលស្រុកស្នួលលោក គង់ គឹមនី ក៏បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះចំណាត់ការរបស់លោកចៅក្រមរូបនេះដោយសារតែកម្លាំងសមត្ថកិច្ចបានប្រឈមមុខ និងបង្ក្រាបយ៉ាងលំបាក លើបទល្មើសមួយនេះ ហើយប្រឈមការ គ្រោះថ្នាក់ទៀតផង។ ករណីនេះប្រធាន តុលាការ និងព្រះរាជអាជ្ញានឹងសរសេរ លិខិតទៅកាន់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ចាត់ការតាមផ្លូវច្បាប់លើចៅក្រមរូបនេះ ។

នៅមិនទាន់អាចសុំការបកស្រាយពី សំណាក់ចៅក្រម អេង ចំណាប់ ពាក់ព័ន្ធ នឹងប្រតិកម្មធ្លាក់មកបន្ដបន្ទាប់ពីសំណាក់ថ្នាក់ដឹកនាំតុលាការ និងសមត្ថកិច្ចខាងលើនេះបានទេនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៧។

មន្រ្តីនគរបាលស្រុកស្នួលបានឲ្យដឹងថា សមត្ថកិច្ចចាប់ខ្លួននៅពេលដែលជននេះ បានព្យាយាមបើកឡានដឹកឈើបំណង បើកបំបុកសមត្ថកិច្ចតែត្រូវសមត្ថកិច្ចគេចផុតនិងបានបើកបំបុកបារាសរុលទៅមុខ ហើយសមត្ថកិច្ចបានបើកតាមពីក្រោយ។ រហូត។ បើកតាមជាច្រើនគីឡូម៉ែត្រ រថយន្ត ដឹកឈើពេញរបស់ជនសង្ស័យបានបើកឡើងទួលទៅមុខមិនចង់រួច និងបានបើក បំបុករថយន្តស៊ីរ៉ែនកងរាជអាវុធហត្ថស្រុកស្នួល ហើយសមត្ថកិច្ចបានឡោមព័ទ្ធចាប់ ខ្លួនបានទាំងរថយន្ត និងមនុស្សតែម្តង។ ជនសង្ស័យមានចរិតលក្ខណៈសាហាវ មិន គោរពច្បាប់ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗក្រោយពីជននេះបានធ្វើសកម្មភាពយ៉ាងសាហាវបែបនេះ ។

មន្រ្តីជាន់ខ្ពស់តុលាការខេត្តក្រចេះបាន ឲ្យដឹងផងដែរថា ក្រោយការចាប់ខ្លួននិងនាំខ្លួនមកសាកសួរជនសង្ស័យត្រូវបានស្ថាប័នអយ្យការចោទប្រកាន់ពីបទធ្វើឲ្យខូចខាតដោយចេតនាតាមមាត្រា៤១០នៃក្រម ព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿងទៅ ចៅក្រម។ បើទោះជាបែបណាជនត្រូវចោទ ត្រូវបានចៅក្រមស៊ើបសួរលោក អេង ចំណាប់ សម្រេចចេញដីកាមិនឃុំខ្លួន ដោយអនុញ្ញាតឲ្យមានសេរីភាពវិញនៅថ្ងៃទី១៥ ខែតុលា ។

បើតាមមន្រ្តីតុលាការជាមួយនឹងការដោះលែងមិនឃុំខ្លួនជនត្រូវចោទនេះលោក អេង ចំណាប់ មិនបានសំអាងហេតុ ផលណាមួយនោះឡើយ ក្រៅពីតម្រូវឲ្យ ជនត្រូវចោទតម្កល់លុយ១លានរៀលនៅ តុលាការសម្រាប់ធ្វើជាសំណងរថយន្ត របស់សមត្ថកិច្ចដែលជននេះបានបើកបំបុក ឲ្យខូចខាតតែប៉ុណ្ណោះ ។

បើតាមការលួចបង្ហើបពីសមត្ថកិច្ចខេត្តក្រចេះក៏បានឲ្យដឹងថា លោកអេង ចំណាប់ ពីមុនជាចៅក្រមនៅសាលាដំបូងខេត្តរតនគិរី ហើយពេលបម្រើការងារនៅទីនោះ លោកចៅក្រមរូបនេះនិងបក្ខពួកមួយចំនួនទៀតបានរងការចោទប្រកាន់ថា បានចូល ផឹកស៊ី និងច្រៀងខារ៉ាអូខេក្នុងក្លិបដានវើល រហូតស្រវឹងជោកជាំ ហើយលោកចៅក្រម ក៏បានទាញយកក្បាលមីក្រូហ្វូនមកច្រៀង តែមិនឮដោយសារមិនបានបើកកុងតាក់ រួចលោកចៅក្រមក៏យកក្បាលមីក្រូហ្វូននោះបោកនឹងតុបណ្តាលឲ្យបែកមិនទទួលខុសត្រូវ ហើយថែមទាំងស្រែកឡូឡាមិន ចេញលុយសងទៀតផងពេលម្ចាស់ខារ៉ាអូខេ ទារឲ្យចេញសង ៕ ហេង សូរិយា


ចែករំលែក៖