ព័ត៌មានទាន់ហេតុការណ៍៖

អធិការនគរបាលស្រុកកៀនស្វាយដាក់ផែនការឲ្យពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងបម្រើសេវាជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញៈ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងពន្លឿនការងារបម្រើសេវាជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន លោកវរៈសេនីយ៍ឯកប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយបានដាក់ផែនការឲ្យកម្លាំងនគរបាលគ្រប់ផ្នែក គ្រប់ប៉ុស្តិ៍រដ្ឋបាល ត្រូវរួមគ្នាពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងពន្លឿនការងារបម្រើសេវាជូនប្រជាពលរដ្ឋ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សុជីវធម៌ គោរពតាមវិន័យកងកម្លាំងជានគរបាលជាតិ មានអាកប្បកិរិយាទន់ភ្លន់ តែម៉ឺងម៉ាត់ មិនត្រូវធ្វើអ្វីប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋនោះឡើយ ត្រូវចងចាំថា នគរបាលគឺជាកម្លាំងស្នូលដ៏សំខាន់ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ការពារស្ថេរភាពនយោបាយ និងជាអ្នកបម្រើប្រជាពលរដ្ឋ ។

ផែនការណែនាំនេះ បានដាក់ចេញនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់អធិការដ្ឋាននគរបាលស្រុក កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ក្រោមវត្តមានលោកវរៈសេនីយ៍ឯកប៉ា សំអិត អធិការនគរបាលស្រុក និងមានការចូលរួមពីលោកអធិការរង នាយផ្នែក នាយ_នាយរងគ្រប់ប៉ុស្តិ៍ ។

ថ្លែងនៅក្នុងកិច្ចប្រជុំលោកអធិការនគរបាលស្រុកបានដាក់ផែនការណែនាំឲ្យកម្លាំងនគរបាលគ្រប់ផ្នែក គ្រប់ប៉ុស្តិ៍ត្រូវមានការសហការល្អដើម្បីរួមគ្នាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាពិសេសបញ្ហាគ្រប់គ្រងមុខសញ្ញាចំណូលថ្មី មុខសញ្ញាគ្រឿងញៀន មុខសញ្ញាចេញពីពន្ធនាគារ និងមុខសញ្ញាចោរលួចចោរប្លន់ ។

កិច្ចការនេះទាមទារឲ្យមានការសហការជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទើបអាចគ្រប់គ្រងនិងពង្រឹងការងារសន្តិសុខបានរឹងមាំ ព្រោះថា ប្រជាពលរដ្ឋគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមអនុវត្តគោលនយោបាយ”ភូមិ_ឃុំ មានសុវត្ថិភាព ” ឲ្យមានប្រសិទ្ធភាព ។

ចំពោះការរៀបចំសណ្តាប់នៅលើផ្លូវជាតិលេខ១ ចំណុចផ្សារគគីរ ផ្សារគគីរធំ និងនៅលើផ្លូវលេខ១១០ ក៏ត្រូវយកចិត្តទុកដាក់អនុវត្តបន្តទៀតមិនបន្ធូរដៃឡើយ ដើម្បីរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ជៀសវាងបានពីមតិរិះគន់របស់មហាជន ។ តែយ៉ាងណាក៏ដោយ សុំការយោគយល់ពីប្រជាពលរដ្ឋ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយសមត្ថកិច្ចទើបអាចសម្រេចបានការងារសណ្តាប់ធ្នាប់នេះ ។

ចំពោះការងារបម្រើសេវាជូនប្រជាពលរដ្ឋសូមលោកនាយប៉ុស្តិ៍ទាំងអស់ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងជំរុញបងប្អូនប្រជាពលរដ្ឋឲ្យបញ្ជូនកូន ចៅ ដែលគ្រប់អាយុមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅតាមប៉ុស្តិ៍រដ្ឋបាល ហើយការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ មិនតម្រូវឲ្យបង់ប្រាក់ឡើយ ។

ជាមួយគ្នានេះដែរលោកអធិការបានណែនាំឲ្យមន្ត្រីនគរបាលទូទាំងស្រុកកៀនស្វាយត្រូវចាត់ទុកថា គឺជាអ្នកបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខជូនប្រជាពលរដ្ឋ ពេលចុះបំពេញការងារត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ មានអាកប្បកិរិយាទន់ភ្លន់ តែម៉ឺងម៉ាត់ ៕ សណ្តោស

 

 


ចែករំលែក៖