ភ្នំពេញ៖ កូនស្រីអ្នកផលិតកម្មវិធីល្បីឈ្មោះ និងជាតារាកំប្លែងកញ្ញា លីឡា បានប្រកាសពីគម្រោងចូលរោងការនៅឆ្នាំក្រោយនេះ។ ការប្រកាសនេះ ក្រោយពេលដែលដំណឹងស្នេហ៍បែកបាក់ត្រូវបានសុះសាយឡើងខ្លាំង។
នីឡាដែលបានភ្ជាប់ពាក្យជាមួយកូនប្រុសថៅកែល្ខោនល្បីឈ្មោះអស់រយៈពេលជាងមួយឆ្នាំហើយនោះ បានស្នើដល់ឲ្យពុកម្តាយពន្លឿនការរៀបការ។ ការស្នើនេះ ក្រោយពីថ្មីៗនេះ ពួកគេបានលេចចេញដំណឹងបន្តបន្ទាប់សុះសាយថា ស្នេហាពួកគេអាចមានការប្រួលប្រែ ព្រោះតែរឿងប្រចណ្ឌ។
នីឡាបញ្ជាក់ថា នាងនិងគូដណ្តឹងមិនមានពេលជួបគ្នាផ្ទាល់ច្រើនទេ ព្រោះតែរវល់នឹងការងាររៀងៗខ្លួន ប៉ុន្តែតែងទូរស័ព្ទ ឬឆាតសួរសុខទុក្ខគ្នាមិនដែលដាច់។ កូនស្រីលោក សុវណ្ណរិទ្ធី ហៅលោកតាវិចទ័រ រូបនេះបញ្ជាក់ថា ឪពុកនាងចង់ទុកពេលបន្តិចទៀតដើម្បីឲ្យនាង និងគូដណ្តឹងបានបន្តស្វែងយល់ចិត្តគ្នាកាន់តែខ្លាំង និងទុកឱកាសឲ្យបានច្រើនដើម្បីឲ្យនាង និងគូដណ្តឹងរកលុយផ្ទាល់ខ្លួនផងដែរ។ តារាស្រីរូបនេះបញ្ជាក់ថា នាងចង់រៀបការឆាប់ៗដែរ បើអាចចុងឆ្នាំក្រោយនេះ ព្រោះតែមិនចង់ឲ្យមានពាក្យលេចលឺមិនល្អបន្តទៀត។
គួរបញ្ជាក់ដែរថា នីឡាបានភ្ជាប់ពាក្យជាមួយកូនប្រុសថៅកែល្ខោនបាក់ដ៏ល្បីល្បាញ ភីសុគន្ធី គឺលោកផន រង្សី មានវ័យ២៥ឆ្នាំ កាលពីថ្ងៃទី១៩ ឧសភា ២០១៦កន្លងទៅ។ ឆ្នាំនេះ នីឡាចូលដល់វ័យ១៩ឆ្នាំហើយៗនាងកាន់តែមានសម្រស់កាន់តែស្រស់សោភាជាងមុន ប៉ុន្តែក្រុមគ្រួសារនាងនៅមិនទាន់បើកផ្លូវឲ្យនាងចូលរោងការនៅឡើយ ព្រោះតែភាគីទាំងសងខាងមានជំនឿលើតាមក្បួនហោរាសាស្ត្រ៕ វឌ្ឍនា