បច្ចុប្បន្នកម្លាំងទាហានអាមេរិកនិងរុស្ស៊ី ប្រហាក់ប្រហែលគ្នា ដូច្នេះរុស្ស៊ីនឹងមិននៅស្ងៀមឲ្យអាមេរិកធ្វើអ្វីតាមតែចិត្តនោះឡើយ។ នៅពេលនេះប្រធានាធិបតីរុស្ស៊ីលោកពូទីន បានបង្ហាញពីការ អស់ភាព អត់ធ្មត់ទៅលើអាមេរិក ដែលចេះតែបង្ខំ រុស្ស៊ី ឲ្យដើរចូលផ្លូវទាល់។
មួយរយៈចុងក្រោយនេះទំនាក់ទំនង ការបរទេស និងយោធារវាងរុស្ស៊ីនឹងអាមេ រិក កាន់តែតានតឹងខ្លាំងឡើងៗ ពិសេស ក្រោយពេលដែល អាមេរិក បានទម្លាក់ទង់ ជាតិរុស្ស៊ី នៅក្នុងអគារការបរទេសពីរកន្លែងរបស់រុស្ស៊ីក្នុងទឹកដីអាមេរិក ។ មិនតែ ប៉ុណ្ណោះអាមេរិក មិនបានផ្តល់ទិដ្ឋាការ ដល់មន្ត្រីយោធា រុស្ស៊ីទៅចូលរួមកិច្ចប្រជុំ របស់អង្គការសហប្រជាជាតិស្តីពីសន្តិសុខពិភពលោកឡើយ។ ទាំងនោះហើយបានធ្វើឲ្យប្រធានាធិបតីរុស្ស៊ីខឹងសម្បាយ៉ាង ខ្លាំង។
កាលពីថ្ងៃទី២០ ខែតុលា លោកពូទីន បានប្រកាសអះអាងថា បច្ចុប្បន្នបច្ចេកវិទ្យា យោធារបស់ខ្លួន គឺអាចធ្វើការប្រៀបធៀបជាមួយនឹងអាមេរិកបានហើយដែលនេះមានន័យថា ប្រសិនណាបើអាមេរិកហ៊ាន ធ្វើឲ្យមានការប៉ះពាល់ ដល់សន្ធិសញ្ញា ប្រើប្រាស់អាវុធ ដែលបន្សល់ពីសម័យ សង្គ្រាមត្រជាក់នោះរុស្សុីនឹងមិននៅស្ងៀម ឈរមើលនោះឡើយ។
លោកពូទីនបានព្រមានថា ប្រទេស រុស្សីនឹងឆ្លើយតបភ្លាមៗ ប្រសិនបើរដ្ឋា ភិបាល របស់លោកដូណាល់ត្រាំ ហ៊ានធ្វើ ឲ្យមានការ បែកបាក់ដល់សន្ធិសញ្ញា ហាមប្រាមផលិត គ្រាប់មីស៊ីល ចម្ងាយ មធ្យម ដែលបានធ្វើឡើង តាំងតែពីឆ្នាំ ១៩៨៧ ជាសន្ធិសញ្ញា ដែលបានចុះហត្ថ លេខា ដោយលោកប្រធានាធិបតី អាមេរិក Ronald Reagan និងមេដឹកនាំសហភាព សូវៀត លោកMikhail Gorbachev ក្នុង គោលបំណង មិនអនុញ្ញាតឲ្យ មានការ ផលិតគ្រាប់មីស៊ីល ដែលអាចបាញ់ ក្នុង ចម្ងាយពី៥០០ទៅ៥៥០០គីឡូម៉ែត្រ ឡើយ ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មន្ត្រីរដ្ឋាភិបាល សហរដ្ឋអាមេរិក បានធ្វើ ការចោទប្រកាន់ មុនទៅលើរដ្ឋាភិបាល ទីក្រុងមូស្គូថា បានលួចលាក់ផលិតគ្រាប់ មីស៊ីល ទាំងនោះដោយបន្ថែមទៀតថា វាគឺជាសកម្មភាពរំលោភបំពានទៅលើសន្ធិ សញ្ញាហាម ប្រើប្រាស់អាវុធ ឆ្នាំ១៩៨៧ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រុស្សុីបានចេញ មកប្រកាសអះអាងយ៉ាងខ្លាំង ទៅលើការ ចោទប្រកាន់លើកនេះ៕ ម៉ែវ សាធី