ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ដោយសារជិះម៉ូតូបុកគោយន្តកន្រ្តៃបើកបរពេលយប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បានស្លាប់យ៉ាងរន្ធត់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយសារការគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោយន្តកន្រ្តៃបើកបរនៅពេលយប់។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីម៉ោង៧យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវកៅស៊ូ ត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះ ហម តក់ ស្ថិតក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ទូច ទិត ហៅម៉ូ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្ន មានទីលំភូមិ.ឃុំកើតហេតុខាងលើ ហើយបានធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F 8981 ធ្វើដំណើរម្នាក់ឯងក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុ បានជែងគោយន្តកន្រ្តៃដែលកំពុងធ្វើដំណើរស្របទិសគ្នា ប៉ុន្តែជាអកុសលទំនងអាចមើលគោយន្តមិនឃើញផងនោះ ក៏បានជ្រុលបុកគោយន្តចំពីចំហៀងផ្នែកខាងឆ្វេង(ក្រោយ)ពេញទំហឹង បណ្ដាលឲ្យដួលរងរបួស(ធ្ងន់)នៅលើកំណាត់ផ្លូវខាងលើតែម្តង។

ប្រភពព័ត៌មានខាងលើបន្តថា ភ្លាមៗនោះ គេបានចាត់ចែងបញ្ជូនជនរងរបួសទៅសង្រ្គោះទៅមន្ទីរពេទ្យ ប៉ុន្តែគេមិនបានបញ្ជាក់ថា នៅមន្ទីរពេទ្យណានោះទេ តែដោយជនរងរបួសធ្ងន់ពេក ក៏បានដាច់ខ្យល់ស្លាប់ទៅហើយ ចំណែកគោយន្តកន្រ្តៃ ក៏បានបើករត់គេចបាត់ស្រមោល។

ប្រភពបន្តទៀតថា ករណីខាងលើនេះបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ភេទប្រុស និងខូចខាតមធ្យោបាយធ្វើដំណើរម៉ូតូចំនួន ១គឿង ហើយករណីនេះបណ្ដាលមកពីកត្តាបើកបរក្នុងល្បឿនលឿន ម្យ៉ាងទៀតជនរងគ្រោះ(ស្លាប់)បើកបរមិនពាក់មួកសុវត្ថិភាពទៀត ។ សាកសពជនរងគ្រោះបានធ្វើកំណត់ហេតុត្រឹមត្រូវ ដើម្បីប្រគល់ជូនក្រុមគ្រួសារសាច់ញាតិទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូជនរងគ្រោះ(ស្លាប់) បានយកមករក្សាទុកជាបណ្ណោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីស្រាវជ្រាវស្វែងរកគោយន្តកន្រ្តៃដែលបានបើករត់គេចបាត់នោះ។

ប្រភពព័ត៌មានដោយឡែកពីមហាជនដែលគេបានមើលឃើញជាក់ស្តែងផ្ទាល់នឹងភ្នែក និងឮគេនិយាយតៗគ្នាផ្ទាល់នឹងត្រចៀក អំពីករណីហាមគោយន្តកន្រ្តៃមិនឲ្យបើកបរឡើងលើកំណាត់ផ្លូវកៅ និងផ្លូវជាតិនាពេលយប់ ខណៈបានបង្កការគ្រោះថ្នាក់ចរាចរណ៍ឥតឈប់ឈរ និងធ្វើឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់ ដូចជាពុំទាន់មានប្រសិទ្ធភាពទាល់តែសោះនៅឡើយនោះទេ តែសង្ឃឹមថា មន្រ្តីជំនាញចរាចរណ៍ក្រោយអង្កភាពមជ្ឃមណ្ឌលព័ត៌មាន(នគរវត្ត)ចេញផ្សាយអំបញ្ហានេះ ប្រាកដជាក់ជាចុះធ្វើសកម្មភាព និងអនុវត្តន៍ឡើងវិញជៀសវាងភ្លេចត្រចៀក៕ ប៉ឹម ពិន


ចែករំលែក៖