ព័ត៌មានទាន់ហេតុការណ៍៖

អ្នកធំខេត្តពោធិ៍សាត់ជំនាញខាងអន្តរាគមន៍ឲ្យដោះលែងឡានដឹកឈើ ដោយសារលុយឬមានចេតនាបំផ្លាញព្រៃឈើ?

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សេចក្តីរាយការណ៍បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ថា អ្នកធំខេត្តពោធិ៍សាត់បានចេញមុខអន្តរាគមន៍ឲ្យដោះលែងឈើពេញមួយរថយន្តយីឌុប ដោយណែនាំឲ្យសមត្ថកិច្ចគ្រាន់តែអប់រំប៉ុណ្ណោះ ដែលសកម្មភាពបែបនេះរបស់អ្នកធំនៅខេត្តពោធិ៍សាត់នោះ សង្ស័យដោសារតែលុយ ឬបើពុំដូច្នោះទេគឺមានចេតនាបំផ្លាញព្រៃឈើឲ្យរលាយហិនហោចយ៉ាងពិតប្រាកដ?

កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៥០៣ ភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ បានធ្វើប្រតិបត្តិការស្ទាក់ចាប់រថយន្តប្រភេទយីឌុបភ្លៅ៥មួយគ្រឿងដែលមានដឹកឈើស្រស់ៗប្រឡៅមូលពេញរថយន្តនោះតែម្តងដើម្បីសួរនាំអំពីច្បាប់ទម្លាប់ ។

ក្រោយឃាត់រថយន្តដឹកឈើនេះបញ្ជូនមកកាន់ស្នាក់ការសន្តិសុខ៥០៣របស់កម្លាំងកងរាជអាវុធហត្ថហើយនោះ សមត្ថកិច្ចបានដំណើរការសាកសួរអ្នកបើកបរដើម្បីច្រងក្រងឯកសារតាមនីតិវិធី ។ ប៉ុន្តែអ្វីគួរឲ្យហួសចិត្ត និងនឹកស្មានមិនដល់នោះ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្រាប់តែមានអ្នកធំនៅក្នុងខេត្តពោធិ៍សាត់ ប៉ុន្តែមិនដឹងថា ឈ្មោះអ្វី និងមានតួនាទីជាអ្វីនោះឡើយ ចេញមុខអន្តរាគមន៍មកសមត្ថកិច្ចជំនាញថា ឲ្យដោះលែងរថយន្តដឹកឈើ និងអ្នកពាក់ព័ន្ធនោះទៅវិញទៅ គឺគ្រាន់តែណែនាំអប់រំបានហើយ ។

សកម្មភាពបែបនេះហើយ បានជាគេលើកឡើងថា អ្នកធំខេត្តពោធិ៍សាត់ជំនាញខាងអន្តរាគមន៍ឲ្យដោះលែងឡានដឹកឈើ ដោយសារលុយ ឬមានចេតនាបំផ្លាញព្រៃឈើនោះមិនខុសមែន៕ ប៉ឹម ពិន


ចែករំលែក៖