ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោក

ចែករំលែក៖

ខេត្តតាកែវ ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង បានឃាត់ខ្លូនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីឆបោក(ម៉ូតូ) ។

លោកវរសេនីយ៍ទោ មឿង សារុន អធិការនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គឹម បូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រៃខ្លា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ។

លោកបានបន្តថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ អធិការដ្ឋាននគរបាលស្រុកសំរោង បានទទួលពាក្យបណ្តឹងពីឈ្មោះ ញឹប រី ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិ ឃុំជាមួយជនសង្ស័យ ដែលបានឆបោកម៉ូតូរបស់ខ្លួនម៉ាក ពូសា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CP-2609 យកទៅបញ្ចាំឲ្យឈ្មោះ ផេង សំបូរ ភេទប្រុស រស់នៅភូមិស្វាយរុន ឃុំជំរះពេន ស្រុកសំរោង កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ហើយបានគេចខ្លួនបាត់ ។ លុះដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ទើបម្ចាស់ម៉ូតូខាងលើបានប្រទះឃើញជនសង្ស័យ ក៏បានរាយការណ៍មកសមត្ថកិច្ច រហូតឈានដល់ការឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕ ភ្នំដា


ចែករំលែក៖