ប៉ោយប៉ែតៈ ជនសង្ស័យ៣នាក់ប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមនិតិវិធី ។
លោកវរសេនីយ៍ទោខែម សុភណ័ នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា៖ ក្រុមក្មេងទំនើងដៃដល់ទាំង៣នាក់ ដែលត្រូវបានបង្រ្កាបចាប់ឃាត់ខ្លួន មានឈ្មោះ១/-លួម ម៉ស់ ភេទប្រុស អាយុ២០ឆ្នាំ, ២/-ឈ្មោះឆេម កូស៊ី ភេទប្រុស អាយុ២០ឆ្នាំ, ៣/-ឈ្មោះយិត ហង់ ភេទប្រុស អាយុ១៨ឆ្នាំ ក្មេងនេះ មានទីលំនៅ ភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងដកហូតបានវត្ថុតាងដាវ សាម៉ូរ៉ៃ១ដើម, ស្នាប់ដៃ១។
លោកនាយការិយាល័យ បានបន្តថា៖ នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ខណៈនៅវត្តសុទ្ធារាមថ្មគោល ស្ថិតភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ធ្វើកម្មវិធីបុណ្យកឋិនទាន នាយប់កើតហេតុមានរាំធុងបាស់ ក៏ស្រាប់តែក្រុមក្មេងទំនើង៣នាក់នេះ និងបក្ខពួកគេ ២នាក់ទៀត ម្នាក់ឈ្មោះធូប តូម៉ន ភេទប្រុស អាយុ១៩ឆ្នាំ និងម្នាក់ទៀត ឈ្មោះចាន់ រី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងបក្ខពួកមួយចំនួនទៀតក្តាប់ឈ្មោះមិនបាន(រត់គេចខ្លួន) បានជិះម៉ូតូទៅធ្វើសកម្មភាពកាប់ និងវាយទៅលើក្រុមក្មេងម្ខាងទៀតឈ្មោះ ១/-សឹង ស៊ុយ ភេទប្រុស អាយុ១៩ឆ្នាំ បណ្តាលឲ្យរងរបួសស្លាបប្រចៀវស្តាំ, ២/-ឈ្មោះលឿត ពេក ភេទប្រុស អាយុ១៧ឆ្នាំ របួសទងត្រចៀកឆ្វេង និងកដៃ, ៣/-ឈ្មោះសុង សុកូ ភេទប្រុស អាយុ១៧ឆ្នាំ របួសលើចិញ្ចើមឆ្វេង ក្រុមក្មេងរងគ្រោះទាំង៣នាក់ នៅភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ បញ្ជាក់ថា៖ ក្រុមក្មេងទំនើងទាំង៣នាក់ ដែលចាប់ឃាត់ខ្លួននេះ នៅចំពោះមុខសមត្ថកិច្ច បានសារភាពថា ពួកខ្លួន មានគ្នីគ្នាចំនួន៦នាក់ ប្រដាប់ដោយកាំបិត ពូថៅ ចបកាប់និងដំបង ពិតជាបានធ្វើសកម្មភាពដេញកាប់និងវាយទៅលើក្រុមក្មេងនៅភូមិថ្មគោលបណ្តាលឲ្យរងរបួសនិងខូចខាតធុងបាស់ កៅអីក្នុងវត្តថ្មគោល ប្រា កដមែន ។
លោកស្នងការរងបានបន្តថា៖តាមសំដីប្រជាពលរដ្ឋ នៅភូមិថ្មគោល ក៏ដូចជាភូមិពន្លៃ បានប្រាប់សមត្ថកិច្ចថា ក្រុមក្មេងទាំងនេះ គឺជាក្មេងជើងកាងក្នុងភូមិពន្លៃប្រជាពលរដ្ឋមានការភ័យខ្លាចចំពោះក្រុមក្មេងនេះណាស់ក្រោយពីបានធ្វើការចាប់ឃាត់នេះ ប្រជាពលរដ្ឋ គាត់មានការអបអរសាទរយ៉ាងក្រៃ លែង និងបានសំណូមពរដល់សមត្ថកិច្ចបន្តឲ្យស្រាវជ្រាវចាប់ពួករត់គេចខ្លួនឲ្យអស់ដើម្បីឲ្យតុលាការចាត់ការពួកវាតាមច្បប់៕ វណ្ណា