ខេត្តកំពង់ស្ពឺ៖ ដើមធ្នង់មួយដើមដែលអាយុកាលរាប់រយឆ្នាំមកហើយនោះថែមទាំងមានមុខកាត់ជាងកន្លះម៉ែត្រ ប្រវែងជាង៤ម៉ែត្រ ដែលជាសម្បត្តិរបស់រដ្ឋក្នុងសាលាបឋមសិក្សាបន្ទាប់ ត្រូវបានក្រុមជនខិលខូច(ក្រុមឈ្មួញរកស៊ីឈើប្រណីត)លួចកាត់ទាំងកណ្តាលអធ្រាត្រយកទៅបាត់ដោយបន្សល់តែស្លាកស្នាមគល់ប្រវែងកន្លះម៉ែត្រនៅជាប់នឹងដីចុងមែកប៉ុណ្ណោះនៅនឹងកន្លែងក្នុងសាលា ដោយមិនមានអ្នកណាម្នាក់បានដឹងនោះឡើយ។
ហេតុការណ៍នេះកើតឡើងកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្នុងសាលារៀនបឋមសិក្សាបន្ទាប់ នៅជាប់ជាមួយវត្តពង្រ ស្ថិតក្នុង ភូមិបន្ទាប់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមប្រភពព័ត៌មានពីលោក ហង្ស សាវ៉ុន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមហាសាំងបានប្រាប់ឲ្យដឹងថា “ករណីក្រុមឈ្មួញរកស៊ីឈើប្រណីតលួចកាត់យកដើមធ្នង់នេះ ពិតជាកើតមានមែន ។ ពត៌មាននេះលោកទទួលបានពីខាងគណៈគ្រប់គ្រងសាលា ដែលបានរាយការណ៍មកលោកកាលពីព្រឹកថ្ងៃ២៤ ខែតុលា ឆ្នាំ២០១៧”។
លោកបានបន្តទៀតថា ក្រោយទទួលសេចក្តីរាយការណ៍សមត្ថកិច្ចបានចុះស្រាវជ្រាវ និងសាកសួរដក់លោកគ្រូ និងអ្នកគ្រូមួយចំនួនអំពីករណីក្រុមចោរលួចកាត់ដើមធ្នង់នេះ។
តាមការស្រាវជ្រាវសមត្ថកិច្ចបានទទួលពន្លឺខ្លះហើយ បន្ទាប់ពីមានសេចក្តីបំភ្លឺថា មុនពេលមានក្រុមចោរមកលួចកាត់យកដើមធ្នង់នេះ គឺមានមនុស្សមួយក្រុមបានមកទំនាក់ទំនងលោកនាយកសាលាបឋមសិក្សាបន្ទាប់ ដើម្បីសុំទិញដើមធ្នង់នេះ តែត្រូវលោកនាយកសាលាបដិសេធមិនព្រមលក់ឲ្យឡើយ ក្រោយលោកនាយកបដិសេធ ក្រុមមនុ្សទាំងនោះក៏ត្រឡប់ទៅវិញអស់។ ក្រុមមនុស្សទាំងនោះ ត្រូវបានដឹងថា ជាឈ្មួញរកសុីឈើនៅស្រុកភ្នំស្រួចនេះតែម្តង។
លោកនាយរងបន្តថា មកនយូរប៉ុន្មានផងនៅយប់កើតហេតុ ស្រាប់តែមេឃបង្អុរភ្លៀងយ៉ាងខ្លាំង ធ្វើឲ្យកម្លាំងល្បាតចូលជ្រករកកន្លែងសម្រាករៀងៗខ្លួន ជាឱកាសសម្រាប់ក្រុមឈ្មួញក្នុងការធ្វើសកម្មភាពបានដោយងាយ។
តាមការពិនិត្យជាក់ស្តែង ក្រុមឈ្មួញមានគ្នាចាប់ពី៨ទៅ១០នាក់ ព្រោះបើមានគ្នាតិចមិនអាចលើកដើមធ្នង់នេះដាក់ឡានបានឡើយ។
មហាជនក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើបានសំណូមពរដល់សមត្ថកិច្ច មេត្តាធ្វើយ៉ាងណា តាមចាប់ក្រុមចោរលួចកាត់ដើមធ្នង់ដែលជាសម្បត្តិរបស់រដ្ឋ យកមផ្តន្ទាទោសឲ្យបានកុំឲ្យពួកគេមានឱកាសបំផ្លាញធនធានធម្មជាតិបានតទៅទៀត។
មានការលើកឡើងផងដែរថា បើយោងតាមការបំភ្លឺរបស់លោកសុខ សានដែលជានាយកសាលាខាងលើ គឺក្រុមចោរប្រាកដជាត្រូវចាប់ខ្លួនបានជាក់ជាមិនខានឡើយ។ ជាងនេះទៅទៀតក្រុមចោរដែលជាឈ្មួញទាំងនេះមើលទៅមិនមែនអ្នកស្រុកមកពីឆ្ងាយនោះទេ។
បើទោះជាមានការលើកឡើងបែបនេះក្តី ក៏មិនទាន់ប្រាកដថា ក្រុមចោរក្នុងស្រុក ឬក្រៅស្រុកឡើយ ដែលធ្វើសកម្មភាពនេះ លុះត្រាតែសមត្ថកិច្ចស្រាវជ្រាវដឹងការពិត និងចាប់ជនល្មើសបានទើបការពិតត្រូវបានលាតត្រដាង។
សិស្សានុសិស្សជាច្រើននាក់បានសំដែងនូវការសោកស្តាយចំពោះការបាត់បង់ដើមធ្នង់មួយដើមនេះជាខ្លាំង ដោយពួកគេលើកឡើងថា កាលពីដើមពួកគេបានឃើញគ្រប់ពេលដែលពួកគេទៅសាលារៀន ។ ចាប់ពីពេលនេះទៅ ពួកគេលែងបានឡលញដើមធ្នង់នេះទៀតហើយ កុំថាឡើយបានឃើញ សូម្បីតែម្លប់ដែលពួកគេធ្លាប់ជ្រក ក៏មិនមានដូចមុនដែរ ពួកគេមានការសោកស្តាយខ្លាំងណាស់ តែមិនដឹងធ្វើម៉េចបើក្រុមចោរលួចកាត់យកទៅបាត់អស់ទៅហើយនោះ។
សមត្ថកិច្ចនគរបាលជំនាញបានប្រាប់ថា ករណីឈ្មួញដែលជាក្រុមចោរលួចកាត់ដើមធ្នង់នេះ គឺមានពន្លឺខ្លះហើយពេលនេះ សមត្ថកិច្ចជំនាញកំពុងតាមចាប់ខ្លួនក្រុមចោរ(ដែលជាឈ្មួញរកស៊ីដឹកឈើ) ទាំងនោះដើម្បីយកមកប្រគល់ឲ្យច្បាប់ចាត់ការបន្ត៕ សេនា សក្តិ