ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាភិបាលសាជីវកម្ម ទូរគមនាគមន៍កូរ៉េ

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក វ៉ាង ចាំងយូ (Whang Chang-Gyu) ប្រធានក្រុមប្រឹក្សាភិបាលសាជីវកម្ម ទូរគមនាគមន៍កូរ៉េ។

លោក Whang Chang-Gyu បានជំរាបជូនថា កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានធ្វើការយ៉ាងជិតស្និទជាមួយ សាជីវកម្មទូរគមនាគមន៍កូរ៉េ ដើម្បីពង្រឹងការងារមួយចំនួនពាក់ព័ន្ធនឹង បច្ចេកវិទ្យា ព័ត៌មានវិទ្យា ទូរគមនាគមន៍ (ICT) នៅប្រទេសកម្ពុជា ដែលត្រូវបានចាត់ទុកថា ជាផ្នែកមួយយ៉ាងសំខាន់ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន វិស័យអប់រំ និងក្នុងប្រព័ន្ធទំនាក់ទំនងសង្គម។ កន្លងមកនេះ មានការចុះអនុស្សារណៈយោគយល់គ្នារវាង ព្រះរាជាណាចក្រកម្ពុជា និង​កូរ៉េ។ កូរ៉េក៏មានគម្រោងនឹងបង្កើតនូវប្រព័ន្ធបច្ចេកវិទ្យាទប់ស្កាត់ការពារជម្ងឺឆ្លង ជាពិសេសចំពោះភ្ញៀវទេសចរណ៍ដែលចូលមកលេងកម្ពុជា។

នៅក្នុងការពិភាក្សានេះ ផ្តោតសំខាន់ទៅលើ ការកសាងសមត្ថភាព ដល់មន្ត្រីពាក់ព័ន្ធ មិនត្រឹមតែនៅក្នុង ក្រសួងប្រៃសណីយ៍ទេ គឺមន្ត្រីផ្សេងទៀត ដែលប្រើប្រាស់បណ្តាញ ICT​។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងបានគាំទ្រដល់គម្រោងរបស់ក្រុមប្រឹក្សាភិបាលសាជីវកម្ម ទូរគមនាគមន៍កូរ៉េ ពីព្រោះថា បច្ចេកវិទ្យា ព័ត៌មានវិទ្យា ទូរគមនាគមន៍ (ICT) គឺជួយពន្លឿននូវការរីកចម្រើនសេដ្ឋកិច្ច ហើយសម្ដេចមិនត្រឹមតែចង់អោយរាជរដ្ឋាភិបាលជា E-Government នោះទេ សម្ដេចតេជោ គឺចង់បានពលរដ្ឋកម្ពុជាជា E-People ផងដែរ។ សម្ដេចតេជោ ក៏ស្នើឲ្យសាជីវកម្មទូរគមនាគមន៍កូរ៉េ បន្តសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ធ្វើយ៉ាងណាឲ្យ ប្រព័ន្ធអ៊ិនធើណេតនៅកម្ពុជា មានល្បឿនលឿន, ពង្រឹងសមត្ថភាព និងបន្តបំពាក់ឧបករណ៍ សម្ភារៈផ្សេងៗ ធ្វើយ៉ាងណាឲ្យបណ្តាញទូរគមនាគមន៍នេះ អាចប្រើប្រាស់បម្រើផលប្រយោជន៍ឲ្យសេដ្ឋកិច្ចជាតិ ក៏ដូចជាវិស័យផ្សេងៗទៀត រួមទាំងវិស័យសុខាភិបាលផងដែរ។ សម្តេចតេជោមានប្រសាសន៍ដែរថា ដោយសារឆ្នាំនេះ គឺជាខួបលើកទី២០ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដូច្នេះការជម្រុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យ ICT រវាងប្រទេសទាំងពីរនេះ គឺជាកិច្ចការសំខាន់ ហើយនៅក្នុងនេះ សម្តេចតេជោ បានជម្រុញឲ្យក្រុមការងារទាំងសងខាង ធ្វើការងារបន្ថែមទៀត ទៅដល់គ្រប់វិស័យដែលអាចសហការបាន ធ្វើយ៉ាងណាឲ្យមានការវិវឌ្ឍបន្ថែមទៀត លើវិស័យ ICT នេះ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1495345923847233/” width=”600″ height=”400″ onlyvideo=”1″]


ចែករំលែក៖