ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអន្តោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតណាម១៤នាក់ ស្នាក់នៅកម្ពុជាខុសច្បាប់

ចែករំលែក៖

ភ្នំពេញៈ នាវេលាម៉ោង៦ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា និងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យជនអន្តោប្រវេសន៍ នៅចំណុចផ្ទះជួលលេខ៣៧៧ ផ្លូវលេខ៣៦៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រកឃើញជនវៀតណាមចំនួន១៤នាក់ ស្នាក់នៅមិនស្របច្បាប់ ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានមានប្រសាសន៍ឲ្យដឹងថា ក្រោយត្រួតពិនិត្យនៅទីតាំងខាងលើអស់រយៈពេលច្រើនម៉ោងសមត្ថកិច្ចបានរកឃើញជនវៀតណាមចំនួន១៤នាក់ក្នុងនោះមាន ស្រី ៥ នាក់ បានលួចស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារស្នាក់នៅ កម្ពុជាមិនត្រឹមត្រូវនិងស្របច្បាប់ឡើយ ដោយហេតុនេះហើយទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនពួកគេ ។

លោកឧត្តមសេនីយ៍ឯក បានបន្តថា ជនវៀតណាមទាំង១៤ នាក់ខាងលើនេះត្រូវ បានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី ហើយបើពិនិត្យទៅឃើញថា ពួកគេគ្មានឯកសារមកបង្ហាញគ្រប់គ្រាន់ទេ សមត្ថកិច្ចរបស់លោក និងចាត់ការតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជា ៕ ប្រាថ្នា


ចែករំលែក៖