ប៉ោយប៉ែត៖ ដើម្បីរិតបន្តឹងចំណងសាមគ្គីរវាងភាគីកម្ពុជា នឹងភាគីថៃ រួមទាំងការពារការជួញដួរបទល្មើសឆ្លងដែននោះ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចប៉ុស្តិ៍គោលដៅ៤១ ឋិតក្នុងភូមិដុងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ័ ខេត្តស្រះកែវ (ថៃ) ដែលឈមទៅនឹងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលការពារព្រំដែនគោក៩១១ បានជំនួបរវាងកម្លាំងទាហានឈុតខ្មៅថៃ កងអនុសេនាធំលេខ១២០១។
ភាគីកម្ពុជាដឹកនាំកម្លាំងដោយលោកអនុសេនីយ៍ឯករស ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូរ រួមកម្លាំង៦នាក់ ចំណែកកម្លាំងភាគីថៃ ដឹកនាំដោយលោកវរៈសេនីយ៍ត្រីឆាន វង្សរ៉ៃមេធី មេបញ្ជាការកងអនុសេនាធំ១២០១។
នៅក្នុងជំនួបរវាងភាគីកម្ពុជា និងភាគីថៃនោះបានលើកយកបីចំណុចគោលដៅសំខាន់ៗ ដែលតែងតែលួចឆ្លងដែន និងជួបបញ្ហាប្រឈមដល់អាយុជីវិត ព្រមទាំងលើកយកមកពិភាក្សា ដល់ពលរដ្ឋខ្មែរ រស់នៅតាមបន្ទាត់ព្រំដែនមួយចំនួនធំ ពួកគាត់ឆ្លងដែនទៅព្រឹក វិលល្ងាច ទៅប្រកបការងារក្នុងទឹកដីថៃ ដូចជាស៊ីឈ្នួលបោចស្មៅចំការ ដក់ដំឡូងមី ដើម្បីយកប្រាក់មកផ្គត់ផ្គង់ក្នុងសង្គមគ្រួសារជាដើម។
ប្រភពពីមន្ត្រីដែលចូលរួមក្នុងកិច្ចប្រជុំខាងលើបានប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តបានដឹងថា ចំណុចសំខាន់ៗដែលសមត្ថកិច្ចរួមគ្នាទប់ស្កាត់នោះមានៈ (ទី១) រួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែន, (ទី២) រួមគ្នាទប់ស្កាត់បទល្មើសចោរកម្មឆ្លងដែន និង(ទី៣) រួមគ្នាទប់ស្កាត់បទល្មើសឆ្លងខុសដែនសច្បាប់ ។
នៅក្នុងកិច្ចប្រជុំខាងលើនោះដែរ លោកអនុសេនីយ៍ឯករស ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូរ បានសំណួមពរដល់សមត្ថកិច្ចថៃទៅនិងពលរដ្ឋខ្មែរ ដែលរស់នៅតាមបន្ទាត់ព្រំដែន ឬពលរដ្ឋខ្មែរដែលមានធុរៈធ្ងន់ធ្ងរតម្រូវទៅព្យាបាលនៅក្នុងទឹកដីថៃចាំបាច់ខានមិនបានចំពោះប្រការណាមួយនោះ សូមឲ្យអាជ្ញាធរ ឬសមត្ថកិច្ចថៃមេត្តាជួយសម្រួលឲ្យទាន់ពេលវេលា ។
ក្រោយពីមានការសំណួមពររបស់លោករស ពិសិដ្ឋនាយប៉ុស្តិ៍បឹងសាគូរ ភាគីថៃបានឯកភាពចំពោះសំណើភាគីកម្ពុជា៕ វណ្ណា