ខេត្តកណ្ដាល៖ លោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែតុលា សម្រេចចោទប្រកាន់ជនសង្ស័យបីនាក់ ពាក់ព័ន្ធករណីសម្លាប់យុវជនម្នាក់នៅស្រុកកៀនស្វាយ ដោយអ្នកខ្លះជាជនដៃដល់ ជាអ្នកផ្តើមគំនិត និង អ្នកសមគំនិត ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយ បង្ហើបឱ្យថា លោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល សម្រេចចោទប្រកាន់ជនសង្ស័យពាក់ព័ន្ធបទល្មើស ផ្តើមគំនិត បទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន និង បទឃាតកម្មគិតទុកជាមុន តាមមាត្រា២៨ មាត្រា២៩ និង មាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។
ប្រភពព័ត៌មាន បន្តថា បច្ចុប្បន្នសំណុំរឿងនិងជនត្រូវចោទត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន។
ជនសង្ស័យទាំងបីនាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ឃាត់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី២១ ខែតុលា និង ថ្ងៃទី២៣ ខែតុលា បន្ទាប់ពីមានករណីឃាតកម្មមួយ កាលពីថ្ងៃទី១៥ ខែតុលា នៅចំណុចភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្ដាល ថ្លែងថាតាមការស្រាវជ្រាវ ក្រុមឃាតករដែលពាក់ព័ន្ធនឹងការសម្លាប់ជនរងគ្រោះមានគ្នា៦នាក់ ក្នុងនោះត្រូវឃាត់ខ្លួនបីនាក់ ទី១ ឈ្មោះ ពេញ ស៊ីណេង ហៅ ឡេង អាយ១៨ឆ្នាំ ទី២ ឈ្មោះ ហួ កុសល អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និងទី៣ ឈ្មោះ ស៊ឹម រិទ្ធី ហៅ ជ្រូក អាយុ២២ឆ្នាំ ។
ចំណែកជនរងគ្រោះឈ្មោះ រស្មី សាម៉ាឌី ភេទប្រុស អាយុ១៨ឆ្នាំ។ ករណីនេះ កើតឡើង ដោយសាររឿងទំនាស់៕ ចេស្តា