ព័ត៌មានទាន់ហេតុការណ៍៖

ទិវារត់ប្រណាំងកម្សាន្តពេលរាត្រីលើកទី១ធ្វើនៅផាប់ស្ទី្រត ខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសរៀបចំព្រឹត្តិការណ៍ កីឡាទេសចរណ៍ថ្មីមួយ ដោយប្រសិទ្ធនាមថា “ទិវារត់កម្សាន្តពេលរាត្រី” ដែលកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិ និងចង់បង្កើនភាពសប្បាយរីករាយ ពេលរាត្រី។ នេះបើតាម លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណេៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែង ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅស្នាក់ការNOCC ។

លោក វ៉ាត់ ចំរើន បានបន្តថា ការរត់កម្សាន្តពេលរាត្រី ជាកម្មវិធីថ្មី ដែលរៀបចំនៅលើផ្លូវ ផាប់ ស្ទី្រត តំបន់ប្រមូលផ្តុំដោយទេសចរអន្តរជាតិច្រើនជាងគេក្នុងខេត្តសៀមពេលរាត្រី ។ ការរត់ប្រណាំងនេះតម្រូវឲ្យអ្នករត់ទាំងអស់ ត្រូវរត់ឆ្លងកាត់តំបន់មានភ្លើងពណ៌ចម្រុះ រត់ជាលក្ខណៈសប្បាយ តាមដងផ្លូវនិងស្តាប់ភ្លេងបណ្តើរ រត់បណ្តើរ នេះគឺជាផលិតផលថ្មី សម្រាប់កំដរអារម្មណ៍ទេសចរ ហើយក៏ជាព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មីមួយ ដែលក្រសួងទេសចរណ៍ តម្រូវឲ្យគណៈកម្មាធិការជាតិអូឡាំពិកខិតខំស្វែ ងរកបម្រើដល់វិស័យទេសចរណ៍ ធ្វើយ៉ាងណាឲ្យតំបន់សក្តានុពលទេសចរណ៍កម្ពុជា កាន់តែមានភាពអ៊ូអរ ពិសេសនៅពេលយប់ ។

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនារាត្រីថ្ងៃអាទិត្យទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ នៅលើផ្លូវផាប់ស្រ្ទីត កន្លែងកម្សាន្តពេលរាត្រី ដើម្បីផ្លាស់ប្តូរអារម្មណ៍ នៅតំបន់ទេសចរណ៍សៀមរាប។ ប៉ុន្តែអ្នកចុះឈ្មោះរត់កម្សាន្តពេលរាត្រី លើកដំបូងនេះ ភាគច្រើនគឺជនជាតិខ្មែរ ហើយនៅពេលជិតដល់កម្មវិធី នឹងបើកឲ្យមានការចុះឈ្មោះនៅតំបន់ ទេសចរណ៍សម្រាប់ភ្ញៀវទេសចរអន្តរជាតិ។

ចំពោះតម្លៃចុះឈ្មោះរត់ប្រណាំង គឺប្រជាពលរដ្ឋខ្មែរ ៨ ដុល្លារ រីឯភ្ញៀវទេសចរបរទេស២៥ដុល្លារ ដោយគណៈកម្មការផ្តល់ជូនដំបងភ្លើងពណ៌ ខ្សែភ្លើងពណ៌ អាចកាន់ និងពាក់ជាប់ក ពេលរត់ ។

លោកអគ្គលេខាធិការបានបន្តទៀតថា ផលិតផលកីឡាទេសចរណ៍ថ្មីនេះ អាចធ្វើឲ្យខេត្តសៀមរាបទាំងមូល បន្ថែមការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិក្រៅ ពីដើរទស្សនាប្រាសាទអង្គរវត្តនោះ។ ព្រឹត្តិការណ៍រត់ពេលរាត្រីនេះ ប្រទេសមួយចំនួននៅលើពិភពលោក បាននិងកំពុងប្រារព្ធធ្វើ ដើម្បីកម្សាន្តពេលរាត្រី ជាមួយការស្តាប់តន្រ្តី កម្សាន្តសប្បាយ អមជាមួយភ្លើងចម្រុះពណ៌ ហើយផលិតផលកីឡាទេសចរណ៍ថ្មីនេះ គឺជាការចូលរួមចំណែក អភិវឌ្ឍន៍នូវវិស័យកីឡាទេសចរណ៍ ដែលជាធាតុផ្សំមួយ ក្នុងការផ្សព្វផ្សាយ វិស័យទេសចរណ៍កម្ពុជា ដែលមានសក្តានុពល ទៅឲ្យពិភពលោក បានស្គាល់កាន់តែច្បាស់ពីកម្ពុជា ។

លោក សែម ផល្លា នាយកប្រតិបត្តិ ក្នុងព្រឹត្តិការណ៍ រត់ប្រណាំងពេលរាត្រីលើកទី១មានប្រសាសន៍ថា គោលដៅទេសចរណ៍ របស់ខេត្តសៀមរាប គឺទាញយកភ្ញៀវទេសចរអន្តរជាតិឲ្យបានច្រើនតាមផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ របស់ក្រសួងទេសចរណ៍ដែលបានព្យាករទុកថាឆ្នាំ២០២០ ប្រទេសកម្ពុជានឹងទទួលបានទេសចរអន្តរជាតិជាង៧លាននាក់។ ដូច្នេះគោលដៅ របស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ធ្វើយ៉ាងណាធ្វើឲ្យតំបន់ ផាប់ស្រ្ទីត ដែលជាតំបន់ប្រមូលផ្តុំនូវភ្ញៀវទេសចរអន្តរជាតិនោះ កាន់តែមានភាពអ៊ូអរ និងប្តូរបរិយាកាស បង្កភាពសប្បាយរីករាយ បន្ទាប់ពីពួកគាត់បានដើរទស្សនាប្រាសាទនានា និងតំបន់អេកូទេសចរណ៍ នៅពេលថ្ងៃរួចបន្តមកប្តូរបរិយាកាសនៅផាប់ស្ទ្រីត ក៏អាចចូលរួមរត់ ឬឈរមើលក៏បានដែរ ។

គោលដៅនៃការរត់គឺពីផាប់ស្ទ្រីត មានចម្ងាយ៥គីឡូម៉ែត្រ ដែលក្រុមការងាររៀបចំព្រឹត្តិការណ៍កីឡា ដើម្បីដាក់គំនួសគោលដៅសម្រាប់រត់ប្រណាំង ដែលនឹងជួបជុំគ្នានៅម៉ោង ៦ល្ងាច ហើយចាប់ផ្តើមចេញដំណើររត់ប្រណាំនៅម៉ោង ៧យប់ តទៅ ដែលមានភ្លេងកំដរ និងក្រុមយុវជនឈរនៅតាមផ្លូវ ។

លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មិនមែនជាការរត់ប្រណាំងយកល្បឿន ឬយកចំណាត់ថ្នាក់នោះទេ គឺជាការរត់ប្រណាំងកម្សាន្តសប្បាយ ដើម្បីបំបាត់ភាពតប់ប្រមល់ របស់អ្នកចូលរួមតែប៉ុណ្ណោះ ហើយព្រឹត្តិការណ៍ថ្មីនេះ គ្រោងមានអ្នកចូលរួមរត់ប្រមាណ ៥០០ នាក់ និងនៅចុងកម្មវិធី មានការបំពាក់មេដាយជូន។ ចំពោះថវិកាដែលបានមកពីកម្មវិធីនេះ នឹងយកទៅឧបត្ថម្ភដល់មន្ទីរ ណាមួយនៅក្នុងប្រទេសកម្ពុជា ៕ សារីម


ចែករំលែក៖