ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ រូបអាក្រាតរបស់សព សាន ស្រីឡៃ ដែលសង្ស័យថា ចេញពីក្រុមមន្ត្រីកោសល្យវិច័យសាកសពបានចែកចាយនៅក្នុងបណ្តាញសង្គម និងតាមគ្រុបនោះ មិនត្រូវបានវែកមុខរកឃើញនៅឡើយទេ។
ក្រោយពេលបែកធ្លាយរឿងថតរូបអាក្រាតពេលធ្វើកោសល្យវិច័យលើសពតារាចម្រៀង សាន ស្រីឡៃ យកទៅចែក ចាយតាមគ្រុប និងបណ្ដាញសង្គមកាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានី ភ្នំពេញបានប្រកាសចាត់វិធានការតាមផ្លូវ ច្បាប់និងមិនលើកលែងឲ្យជាដាច់ខាត ចំពោះមន្ដ្រីនគរបាលកោសល្យវិច័យ និង សមត្ថកិច្ចដែលពាក់ព័ន្ធនឹងការថតរូប អាក្រាតកាយពេលពិនិត្យលើសពតារា ចម្រៀង សាន ស្រីឡៃ ហើយបន្តបង្ហោះ ចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក នោះ ។
លោក ជួន សុវណ្ណ បានអះអាងថា លោកកំពុងតាមស្រាវជ្រាវចំពោះបុគ្គល មន្ដ្រីនគរបាលទាំងនោះបើសិនប្រព្រឹត្ត ទង្វើបែបនេះមែនលោកមិនលើកលែងឲ្យនោះទេនិងចាត់វិធានការតាមច្បាប់យ៉ាងតឹង រឹុងបំផុតមិនលើកលែងឲ្យឡើយ។ ពីព្រោះ វាធ្វើឲ្យប៉ះពាល់កិត្តិយសរបស់សពហើយក៏ ប៉ះពាល់ចំពោះវិជ្ជាជីវៈ និងក្រមសីលធម៌ របស់មន្ដ្រីនគរបាលផងដែរ ។
ការព្រមានចាត់វិធានការពីស្នងការនគរបាលរាជធានីភ្នំពេញនេះធ្វើឡើងបន្ទាប់ពីមហាជនជាច្រើនបានសម្តែងការខឹងសម្បា និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទង្វើអសីលធម៌របស់មន្ដ្រីនគរបាលកោសល្យ វិច័យសពដែលបានថតរូបអាក្រាតសព តារាចម្រៀង សាន ស្រីឡៃ មិនបិទបាំងទុក ធ្វើកំណត់ហេតុបែរជាយកទៅចែកចាយពាសពេញបណ្តាញទំនាក់ទំនងសង្គម ទៅវិញ ។
ជាមួយគ្នានេះដែរលោក ឡាញ់ យ៉ូវម៉ា នាយការិយាល័យបច្ចេកទេស និងកោសល្យ វិច័យនៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញបានឲ្យដឹងថា នៅពេលធ្វើកោសល្យ វិច័យសពជនរងគ្រោះគឺមានការចូលរួមពីកម្លាំងចម្រុះជាច្រើននាក់មានមន្ដ្រីនគរ បាលប៉ុស្ដិ៍មន្ដ្រីនគរបាលខណ្ឌមន្ដ្រីសាលា ខណ្ឌនិងមន្ដ្រីកងរាជអាវុធហត្ថ។ ដូច្នេះលោក មិនទាន់អាចដឹងច្បាស់ថា រូបថតអាក្រាត នោះចេញពីប្រភពមន្ដ្រីណានោះឡើយ។ បើសិនមន្ដ្រីនគរបាលណាម្នាក់របស់លោក ត្រូវបានរកឃើញថា ប្រព្រឹត្តទង្វើអសីល ធម៌បែបនេះលោកនឹងចាត់វិធានការតាម រដ្ឋបាលយ៉ាងតឹងរ៉ឹង ។
ស្របពេលមហាជននៅក្នុងបណ្តាញសង្គមបានរិះគន់ និងមានកំហឹងយ៉ាងខ្លាំង នៅពេលឃើញរូបភាពសពនាងសើយអាវ ហើយបែរយកមកបង្ហោះចែកចាយគ្នាមើល ទៅវិញ។ មហាជនខ្លះបានខឹងដោយនិយាយ ថា «ពិតជាហួសចិត្តខ្ញុំពិតជាហួសចិត្តដល់មន្ត្រីកោសល្យវិច័យ ជាពិសេសលោកអ្នក ថតហ្នឹងតែម្តង លោកឯងថតអ៊ីចឹងហើយ ម្តេចមិនយកអីមកបាំងរូបអាក្រាតគ្នាសិន រួចចាំចែកចាយរូបតាមបណ្តាព័ត៌មាន ផ្សេងៗ ឬរុំសាកសពរួចហើយបានគេអនុញ្ញាតឲ្យអ្នកកាសែតចូលថត។ ហេតុអ្វី លោកឯងអត់មានបងប្អូន ម្តាយជាស្រីទេ ឬ? ហេតុអី្វបានជាឱ្យបែកធ្លាយរូបរបស់គាត់?»។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ តារាចម្រៀងប្រចាំ ផលិតកម្មរស្មីហង្សមាសនិងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ ត្រូវខ្មាន់កាំភ្លើងជាប្តីរបស់អ្នកនាងបាញ់ចំនួន៣គ្រាប់រួចបាញ់សម្លាប់ខ្លួនឯងបណ្ដាលឲ្យស្លាប់ទាំង២នាក់នៅក្នុងមន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុង ហ្គា ក្បែរស្ថានីយទូរទស្សន៍អប្សរាក្នុងខណ្ឌ ចំការមន រាជធានីភ្នំពេញ ៕ ហេង សូរិយា