ព័ត៌មានទាន់ហេតុការណ៍៖

ប្រចណ្ឌប្រពន្ធនឹងកំលោះក្នុងភូមិចាប់ជ្រមុជទឹកឲ្យស្លាប់រួចញាត់ចូលលូទើបរត់ទៅសារភាព

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្តីចាប់ប្រពន្ធជ្រមុជ ទឹកប្រឡាយរហូតដល់ស្លាប់រួចញាត់ចូល ក្នុងលូរួចចូលខ្លួនទៅសារភាពនៅចំពោះ មុខសមត្ថកិច្ចដោយសារភ្លើងប្រច័ណ្ឌ ។

សាកសពស្ត្រីរងគ្រោះត្រូវបានប្រទះឃើញក្នុងទឹកប្រឡាយនៅវេលាម៉ោង១១ និង៤០នាទីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិវត្តកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ អ្នកភូមិបាន ឲ្យដឹងថាស្ត្រីរងគ្រោះឈ្មោះ នី ស្រីនាង ​ អាយុ៣៣ឆ្នាំ រស់នៅភូមិសំបុកអក ឃុំ កំពង់ព្រៀង ស្រុកសង្កែ ។

តាមសាក្សីមួយចំនួនបាននិយាយថា នៅមុនពេលកើតហេតុគឺពួកគេបានឃើញម៉ូតូរបស់ស្ត្រីរងគ្រោះធ្លាក់ទឹកប្រឡាយទើបនាំគ្នាចុះទៅសែងលើកម៉ូតូនោះឡើងមកលើប៉ុន្តែពេលចុះទៅដល់ក្នុងទឹកក៏បានប៉ះនឹងជើងមនុស្សដែលលៀនចេញមកពីក្នុងលូទើបនាំគ្នាទាញចេញមកក៏ស្គាល់ច្បាស់ថា ស្ត្រីរងគ្រោះធ្លាប់បានសុំលែងលះជា មួយស្វាមីតែស្វាមីមិនព្រមលែងដោយបានរស់នៅផ្សេងពីគ្នា ព្រមទាំងបានចែកកូន ម្នាក់មួយផងដោយសារតែការរស់នៅជា មួយគ្នាមិនចុះសម្រុង ឯស្វាមីក៏តែងតរករឿងជាញឹកញាប់ព្រោះភ្លើងប្រចណ្ឌទើបមានការឆោឡោឡើងតែម្តង ។

កូនទាំង២របស់ស្ត្រីរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុឪពុករបស់ខ្លួន បានប្រើពួកគេឲ្យយកសំបុត្រមួយច្បាប់ទៅឲ្យម្តាយ (ស្ត្រីរងគ្រោះ) ព្រមទាំងរូប ថតដែលថតជាមួយគ្នាផង។ ផ្ទុយទៅវិញ នៅពេលយកទៅដល់ត្រូវម្តាយរបស់ខ្លួនហែកសំបុត្រចោលខ្ទេច ព្រមទាំងបាន ហែករូបថតចេញពីគ្នាទៀតផងរួចឲ្យពួកគាត់យកមកឲ្យឪពុកវិញ ។

កូនស្ត្រីរងគ្រោះបន្តថា ពេលយកសំបុត្រ នោះមកឲ្យឪពុកវិញគាត់ក៏បោះចោលក្នុងធុងសំរាមហើយបានសួរថា «ម៉ែឯងទៅ ណាហើយ?»។ ពួកគេបានប្រាប់ថា «ម៉ែ ទៅស្រែហើយ»។ ពេលនោះឪពុកក៏បានទាញម៉ូតូជិះចេញពីផ្ទះទ្រង់បែបបន្ទាន់ ដោយប្រាប់ពួកគេថា ពុកទៅស្រែមួយភ្លែតដោយគាត់បានជិះម៉ូតូលឿនដូចហោះ ក្រោយមកក៏បានឮដំណឹងថាម្តាយត្រូវគេសម្លាប់តែម្តង ។

លោកឧត្តមសេនីយ៍ ជេត វណ្ណនី ស្នង ការរងបានចុះសិក្សានិងស្រាវជ្រាវរួចបានសន្និដ្ឋានជំហានដំបូងថា ឃាតករគ្មានអ្នកណាក្រៅពីប្តីរបស់ស្ត្រីរងគ្រោះឡើយ ទើបចេញបញ្ជាឲ្យកម្លាំងតាមរកគ្រប់ច្រកល្ហក ស្រាប់តែលេចឮដំណឹងថា ជនសង្ស័យបានចូលខ្លួនទៅសារភាពនៅមូលដ្ឋានកង រាជអាវុធហត្ថស្រុកសង្កែបាត់ទៅហើយ ។

លោកបន្តថា ប្អូនប្រុសដែលជូនបង ប្រុសជាឃាតកមកសារភាពបាននិយាយ ថា ទិសដៅរបស់ខ្លួនគឺនាំបងទៅសារភាពនៅក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែ ប៉ុន្តែដោយសារមិនស្គាល់កន្លែងក៏ចូលទៅក្នុងកន្លែងប៉េអឹមតែម្តង ដោយពួកគេគិតថា ការសារភាពនេះអាចមានការបន្ធូរបន្ថយទោស ។

ជនសង្ស័យឈ្មោះ ហើស ហឿន បាន សារភាពថា ខ្លួនពិតជាបានចាប់ប្រពន្ធច្រមុជ ក្នុងទឹកប្រឡាយស្លាប់ហើយក៏បានញាត់ បញ្ចូលទៅក្នុងលូដោយសារតែខ្លួនបានដឹងថា ប្រពន្ធរបស់ខ្លួនបានទាក់ទងជាមួយនឹងបុរសម្នាក់ឈ្មោះ ចេវ សុផល រស់នៅក្នុង ភូមិជាមួយគ្នា ។

បច្ចុប្បន្នសាកសពត្រូវសាច់ញាតិនិងកូនចៅរៀបចំធ្វើបុណ្យតាមប្រពៃណី គ្រាដែល ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថចាត់ការតាមច្បាប់ ៕ សំ វិច្ឆិកា


ចែករំលែក៖