ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំបើកបុកម៉ូតូ។
ករណីនេះភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៦ ម្តុំស្ពានលីយ៉ុងផាត សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបានប្រាប់អ្នកយកព័ត៌មាននគរវត្តថា មុនកើតហេតុ ម៉ូតូធុនធំបើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីខេត្តឆ្ពោះមកក្រុងភ្នំពេញ ពេលនោះក៏មានរថយន្តធុនធំមួយគ្រឿងធ្វើដំណើរពីភ្នំពេញឆ្ពោះទៅកាន់បណ្តាខេត្ត ហើយមិនដឹងយ៉ាងម៉េចស្រាប់តែបុកជាមួយម៉ូតូរងគ្រោះបណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុតែម្តង។
នគរបាលចរាចរណ៍មូលដ្ឋានដែលចុះពិនិត្យកន្លែងកើតហេតុបានឲ្យភ្នាក់ងារនគរវត្តដឹងថា ក្រោយត្រួតពិនិត្យឆែកឆេរលើខ្លួនជនរងគ្រោះ សមត្ថកិច្ចបានរកឃើញអត្តសញ្ញាណមួយសន្លឹកនិងប័ណ្ណបើកបរមួយសន្លឹករបស់ជនរងគ្រោះដែលមានឈ្មោះ ឡុង ជិវ័ន ភេទប្រុស កើតនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៩២ នៅភូមិត្រពាំងត្មាត ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ប្រភពបានបន្តប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តទៀតថា ចំណែករថយន្តបង្កហេតុ បានបើករត់ដល់ចំណុចស្ពានលីយ៉ុងផាត តែត្រូវសមត្ថកិច្ចនគរបាលឃាត់ជាប់ ប៉ុន្តែទោះបីយ៉ាងណា ជនសង្ស័យបើករថយន្តបង្កហេតុ បានរត់គេចខ្លួនភ្លាមៗ បន្សល់ទុករថយន្តនៅចំណុចស្ពានលីយ៉ុងផាតនោះតែម្តង។
សមត្ថកិច្ចបានវាស់វែង និងគូសគំនូសចំណុចអាទិភាពនៅកន្លែងកើតហេតុរួចមកបានយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ ៕ ជឹម ភារ៉ា