ខេត្តស្វាយរៀង៖ ជនសង្ស័យស្រវឹងស្រា ចិត្តខ្លាំងម្នា ក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនភ្លាមៗ ខណៈដែលបានប្រើហិង្សាយក ដែកបំពង់ទីបវាយទៅលើជនរងគ្រោះ ដែលកំពុងផឹកស៊ីជាមួយគ្នា គ្រាន់តែទំនាស់ពាក្យសំដីបណ្ដាលឲ្យសន្លប់ស្ដូកស្ដឹងនឹងកន្លែង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតភូមិត្រពាំងកំពឹស ឃុំក្សេត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យភ្នាក់ងារយកព័ត៌មាននគរវត្តដឹងថា ជនសង្ស័យឈ្មោះ ជី ចំណាន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិត្រពាំងកំពឹស ឃុំក្សេត្រ ស្រុកកំពង់រោទិ៍ ក្រោយកើតហេតុ ត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ដើម្បីសាកសួរ និងបន្តចាត់ការតាមនីតិវិធី។
ចំណែកជនរងគ្រោះមានឈ្មោះម៉ៅ មករា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរធ្វើស្រែទីលំនៅភូមិ ឃុំជាមួយគ្នាបណ្តាលឲ្យសន្លប់នៅលើចិញ្ចើមថ្នល់ ត្រូវបានអ្នកភូមិរាយការណ៍មកសមត្ថកិច្ចដឹកមកកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។
តាមចម្លើយសារភាបរបស់ជនសង្ស័យបានឲ្យសមត្ថកិច្ចដឹងថា មូលហេតុដែលរូបគេវាយទៅលើជនរងគ្រោះដោយសារស្រវឹងស្រា និងខឹងរឿងនិយាយឌឺដងខ្លាំងពេក ក៏ទំនាស់ពាក្យសំដីនឹងគ្នាក្លាយជាហិង្សាតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនមកអធិការនគរបាលស្រុកកំពង់រោទិ៍ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ យឹម សុថាន