ខេត្តបាត់ដំបង ៖ លោកស្រីប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងបានចូលខ្លួនដាក់ពាក្យបណ្តឹងទៅលើជនមិនស្គាល់មុខ ដែលបានហេកអាខោនហ្វេសប៊ុករបស់ លោកស្រី ឆាតដើរខ្ចីលុយគេប្រមាណជាង ២០នាក់ទីបំផុតមានអ្នកដាក់ឲ្យ៥០០ ដុល្លារ តាមរយៈវីងវេរលុយ ហើយជនមិនស្គាល់មុខនោះអាចដកយកលុយបានដោយមិនចាំបាច់មានលេខទូរស័ព្ទ ។
នៅក្នុងពាក្យបណ្តឹងរបស់លោកស្រី ប៉ុក ច័ន្ទធារី អាយុ៥៧ឆ្នាំ រស់នៅភូមិកំពង់ ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានតួនាទីជាប្រធានមន្ទីរ ព័ត៌មានខេត្ត នៅចំពោះមុខសមត្ថកិច្ច បានអះអាងថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ គណនីហ្វេសប៊ុករបស់លោក ស្រី ត្រូវបានជនមិនស្គាល់មុខហេកចូល និងយកទៅប្រើប្រាស់ ដោយបានឆាតដើរខ្ចីលុយហ្វ្រេនប្រមាណជាង២០នាក់ដោយខ្លះបានខ្លះទៀតមិនមានប្រាក់ឲ្យខ្ចីនោះទេ ។
លោកស្រីបានសង្កត់ធ្ងន់ថា នៅរសៀល ថ្ងៃនោះដែរ ខណៈដែលទូរស័ព្ទដៃរបស់លោក ស្រី នៅជាប់នឹងលោកស្រី ស្រាប់តែឈ្មោះ សាវី សុខ មាននាទីជាអនុប្រធានវិទ្យុជាតិ ចំការចេកបាត់ដំបង បានទូរស័ព្ទទៅសួរ លោកស្រីថា ដកលុយបានហើយឬនៅ? ពេលនោះលោកស្រីមានការងឿងឆ្ងល់ជាខ្លាំង ក៏បានបើកមើលទៅក្នុងឆាតរបស់ គណនីហ្វេសប៊ុក ទើបឃើញមានជនមិន ស្គាល់មុខឆាតទៅមនុស្សប្រមាណជាង ២០នាក់ ដើម្បីខ្ចីប្រាក់គេដែលក្នុងនោះក៏ មានឈ្មោះ សាវី សុខ ផ្ញើលុយ៥០០ដុល្លារទៅឲ្យលោកស្រីមែន ដោយជននោះកុហកថាលោកស្រីចុះទៅធ្វើវាគ្មិននៅឯខេត្តសៀមរាប ហើយមានការខ្វះខាតលុយ ។
ក្រោយពីបានបញ្ជាក់ថា លោកស្រីមិន បានសរសេរឆាតនោះទេ ទើបមានការភ្ញាក់ផ្អើលហើយក៏បានទៅជួបភ្នាក់ងារវីង ដែល លោក សាវី សុខ ផ្ញើទៅ ជាលទ្ធផលគឺ ជនមិនស្គាល់មុខបានដកលុយនោះយកអស់បាត់ទៅហើយ ដោយមិនចាំបាច់មានទូរស័ព្ទឡើយក៏គេអាចដកលុយបានដែរនេះ ហើយជាបញ្ហា ។
ដោយឡែក លោក សាវី សុខ អនុប្រធាន វិទ្យុជាតិចំការចេកបានរៀបរាប់ថា នៅ ថ្ងៃនោះ ក្រោយពីបានឃើញលោកស្រី ប៉ុក ច័ន្ទធារី ប្រធានមន្ទីរព័ត៌មានខេត្តឆាត មកខ្ចីលុយបែបនេះ គាត់ក៏បានឆាត តបទៅវិញថា លោកស្រីត្រូវការប៉ុន្មាន លោកស្រីប្រាប់ថា ត្រូវការ៥០០ដុល្លារ យកទៅប្រើប្រាស់នៅខេត្តសៀមរាប ពេលចុះទៅធ្វើវាគ្មិន ទើបខ្លួនបានបញ្ជាក់ ទៅវិញថា បើប្រញាប់សងទើបបាន ព្រោះ លុយត្រូវការបង្វិល តែលោកស្រីបញ្ជាក់ថា ខ្ចីតែ២ថ្ងៃទេ ឲ្យវិញហើយ ទើបខ្លួន(សាវី សុខ) បានទៅដកលុយពីធនាគារ រួចវេរ តាមរយៈវីងនៅវេលាម៉ោង១និង៥៦នាទី រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ទៅឲ្យលោកស្រីប្រធានមន្ទីរ ព្រមទាំងបាន ទូរស័ព្ទទៅសួរលោកស្រី ក្រោយពេលឆាតក្រដាសវីងទៅឲ្យលោកស្រីមើលថា បាន ទទួលហើយឬនៅ ? ពេលនោះទើបដឹងថា គណនីលោកស្រីមានជនមិនស្គាល់មុខហេកចូលទៅប្រើប្រាស់តាមផ្លូវងងឹត ព្រោះពេលនោះលោកស្រីអត់ដឹងខ្លួនទាល់តែសោះ ។ តែពេលដែលខ្លួនទៅពិនិត្យនៅ កន្លែងភ្នាក់ងារវីង គឺទឹកប្រាក់៥០០ដុល្លារ ត្រូវបានគេដកយកបាត់ហើយ ដោយមិនចាំបាច់មានទូរស័ព្ទទៅបញ្ជាក់លេខឡើយ ព្រោះទូរស័ព្ទដែលដាក់លុយចូលនោះនៅនឹងដៃលោកស្រីឯណេះសោះ ដូច្នេះទាំង ជនរងគ្រោះក៏ដូចជាលោកស្រីដែលជាដើមបណ្តឹងបានចោទប្រកាន់ថា អាចមានភ្នាក់ ងារវីងណាមួយ ធ្វើការឃុបឃិតជាមួយនឹង ជនសង្គមងងឹតជាមិនខានបានជាអាចបើកយកប្រាក់បានដោយមិនមានលេខទូរស័ព្ទ ដូច្នេះ លោកស្រីបានសំណូមពរដល់អ្នកគ្រប់គ្រងភ្នាក់ងារវីងវេរលុយ មេត្តាជួយស្រាវជ្រាវរកមុខភ្នាក់ងារណាដែលបានបើកលុយចំនួន៥០០ដុល្លារឲ្យទៅជនមិនស្គាល់មុខនោះ នៅក្នុងខេត្តណា និងនៅចំណុច ណា ដើម្បីយកមកបង្ហាញខ្លួនចំពោះមុខសមត្ថកិច្ច ។
បច្ចុប្បន្ន សមត្ថកិច្ចការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធានាថានឹងធ្វើការស្រាវ ជ្រាវ ដើម្បីតាមរកមុខជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ភ្នាក់ងារកាសែតនគរវត្តព្យាយាមទាក់ទងទៅស្នាក់ការវីងវេរលុយនៅខេត្តបាត់ ដំបង ដើម្បីចង់ដឹងអំពីបែបបទនៃការបើកប្រាក់ឲ្យអតិថិជនតាមរយៈទូរស័ព្ទ នាថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១២ និង៥៦នាទីដែរ ប៉ុន្តែលេខនេះត្រូវបានបិទ មិនអាចទាក់ទងបាន រីឯលេខទូរស័ព្ទចំនួន ពីរខ្សែទៀត ដែលសម្រាប់បម្រើអតិថិជននៅនឹងខ្នងក្រដាសវីងវេរលុយ ក៏យើងបាន ព្យាយាមទាក់ទងដែរ តែគ្មានផ្នែកបម្រើអតិថិជនណាម្នាក់មកទទួលឡើយ ៕ សហការី