ខេត្តពោធិ៍សាត់៖ មួយរយះនេះគេទទួលស្គាល់ថា៖ សមត្ថកិច្ចមានតួនាទីភារៈកិច្ចបង្ក្រាបបទល្មើសព្រៃឈើកំពុងញៀននិងការទាញយកប្រយោជន៍ពីឈ្មួញរកសុីបទល្មើសឈើ ទាំងសកម្មភាពចូលអាររលំ ដឹកជញ្ជូនចេញពីព្រៃ ដឹកជញ្ជូនចូលក្រុមហ៊ុនMDS ក៏ដូចជាបន្លំលួចកាត់PCចេញពីក្រុមហ៊ុននេះយ៉ាងអនាធិបតេយ្យ ចាប់តាំងពីជាង១ខែមុនរដូវបុណ្យភ្ជុំបិណ្ឌមកទល់បច្ចុប្បន្ននេះ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថស្រុកវាលវែង និងកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានជួបប្រទះសកម្មភាពអារផ្តួលរលំឈើដោយផ្ទាល់ ជាមួយនិងគំនរឈើដ៏ច្រើនដែលអារជាខ្នាតធំៗរួចរាល់ត្រៀមអូស ចេញក៏ឈានដល់ការបង្ក្រាបចាប់ក្នុងបទល្មើសជាក់ស្តែងតែម្តង។
សមត្ថកិច្ចបានអោយដឹងថា៖ ករណីបង្ក្រាបការអារផ្តួលរលំឈើ និងគំនរឈើនេះ ស្ថិតនៅតំបន់ភ្នំទំព័រ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពេលនេះសមត្ថកិច្ចកំពុងបន្តរុករក ខណះមានការអះអាងពីប្រជាពលរដ្ឋថាមានការអារផ្តួលរលំនៅមានច្រើនគោលដៅទៀត ពិសេសមានឮសំឡេងអារឈើនៅកន្លែងផ្សេងៗទៀត។
គួររំលឹកថា៖ តាមការអោយដឹងពីប្រជាពលរដ្ឋ និងអ្នកស្និទជាមួយថៅកែឈើ បានបង្ហើបថា៖ ពួកគាត់បានឃើញពីសកម្មភាពអារឈើនៅចំណុចតំបន់ទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រហែលជាង២ខែមកហើយ បើគិតមកទល់នឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧នេះ។ ឈើដែលអារនៅតំបន់ទួលគ្រួស តាមជួរភ្នំ គេប្រើរណារយន្ត មានប្រហាក់ប្រហែលជិត៥០គ្រឿង និងរថយន្តកែច្នៃ ប្រភេទបាកុង ប្រហែលជាង៣០គ្រឿង និងប្រើគ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រ សម្រាប់កាយធ្វើផ្លូវដឹកជញ្ជូនឈើចេញពីតំបន់នោះទៀត។ ឈើអារទាំងនេះ ជាប្រភេទឈើម្រេញ(រាជកុល) ពួកគេអារជាប្រភេទជាឃ្លុំ(ឈើហ៊ុប) មានមុខកាត់ចាប់ពី៤០សង្ទីម៉ែត្រ ឬ៨០សង្ទីម៉ែត្រ ប្រវែង១០ទៅ១២ម៉ែត្រ ករណីខ្លះមានទំហំមុខកាត់ជាង១ម៉ែត្រ។
បើពួកគាត់ធ្លាប់ឮ គឺមាន អ្នកគ្រប់គ្រង(មេការ) ចាត់ចែងឲ្យកម្មករចូលអារប្រមូលដឹកជញ្ជូនឈើចេញពីតំបន់ទួលគ្រួស គឺឈ្មោះ ស្រេង ត្រូវជាប្អូនថ្លៃ ឈ្មោះ ម៉េង(ហៅម៉េង៣ពូថៅ) គាត់កាន់លេខទូរស័ព្ទ ០៩៧ ២២២៤២៤៧ ឈើនោះដឹកមកដាក់នៅទីតាំងឃ្លាំងចំណុចចំការកៅស៊ូឧកញ៉ាទ្រីភាព គឺក្នុងក្រុមហ៊ុន អឹម ដេ អែស ស្ថិតនៅភូមិ-ឃុំ អន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានឈ្មោះម៉េង ជាអ្នកគ្រប់គ្រងឃ្លាំងមួយនេះ ហើយក្នុងមួយយប់ៗ គេប្រើរថយន្តបាកុងយ៉ាងតិចបំផុត៧គ្រឿង ឈើហ៊ុបប្រហែលជា៥០ទៅ៦០ម៉ែត្រគូបរៀងរាល់ម៉ោង២ ឬម៉ោង៣ទៀបភ្លឺដឹកឈើនោះចូលដល់ក្រុមហ៊ុន។
ក្រោយមកគេក៏បានកាត់ប៉េសេ ជាមួយរដ្ឋបាលព្រៃឈើ ដឹកចេញក្នុងពេលព្រឹក យ៉ាងតិចពីរឡាន វ៉េអង ប្រភេទយីឌុបភ្លៅ៥ ផ្ទុកឈើរាជកុល ក្នុងមួយគ្រឿងជិត៥០ម៉ែត្រគូប។ ឈ្មោះ ម៉េង ជាអ្នកគ្រប់គ្រងឈើក្នុងក្រុមហ៊ុន អឹម ដេ អែស គាត់កាន់លេខទូរស័ព្ទ ០៩៧ ៤០០០០០៤ មិនត្រឹមតែឲ្យប្អូនថ្លៃរបស់គាត់ឈ្មោះស្រេង ចាត់ចែងឲ្យកម្មករចូលអារឈើ ប្រមូលដឹកឈើ និងធ្វើផ្លូវនៅតំបន់ទួលគ្រួស ប៉ុណ្ណោះទេ គាត់ក៏បានឲ្យអារឈើនៅតំបន់ តាំងយ៉ នៅ ក្បែរតំបន់ទួលគ្រួស និងមួយចំនួនទៀតចូលអារនៅតំបន់ភ្នំទំព័រ ស្ថិតក្នុងភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង និងតំបន់ក្រពើពីរ ស្ថិតក្នុងភូមិ-ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយដឹកចូលមកក្រុមហ៊ុន អឹម ដេ អែស ដូចគ្នា។ សកម្មភាពដឹកឈើនេះបានចាប់ផ្តើមមុនភ្ជុំបិណ្ឌ១ខែ ហើយឈ្មោះម៉េង មកមើលការខុសត្រូវក្នុងឃ្លាំង ក្រុមហ៊ុន អឹម ដេ អែស ក្នុងមួយសប្តាហ៍មិនតិចជាង៥ថ្ងៃ។
សព្វថ្ងៃនេះសកម្មភាពកាប់ឈើដឹកអូសចូលក្រុមMDS កើតឡើងសារជាថ្មី ស្របពេលមួយរយះនេះអ្នកឧកញ៉ា ទ្រី ភាព ធ្លាប់អះអាងថា៖ ក្រុមហ៊ុនគាត់បានបញ្ឈប់សកម្មភាពហើយនោះ។ តែចម្លែកអីលេចមុខមានឈ្មួញឈ្មោះមេង ហៅ«ម៉េង៣ពូថៅ»មកចាត់ចែងអូសឈើចូលក្រុមហ៊ុនMDSនេះ?
ពាក់ព័ន្ធករណីបំផ្លាញឈើជាលក្ខណះទ្រង់ទ្រាយធំនៅស្រុកវាលវែង និងកាប់ផ្តួលរលំក្នុងព្រៃអូសចូលក្រុមហ៊ុនMDSចាត់ចែងដោយឈ្មួញម៉េងនោះ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧នេះ ឈ្មោះម៉េងនេះបានប្រាប់«នគរដ្រេហ្គន»តាមទូរស័ព្ទថា៖ ពីមុនគាត់ធ្វើមែន តែឥឡូវឈប់ហើយ អត់មានពាក់ព័ន្ធនិងគាត់ទៀតទេ។ លោកបន្តថា៖ ខ្ញុំអត់ដឹងទេរឿងកម្លាំងកងរាជអាវុធហត្ថចាប់ឈើព្រឹកមិញ ព្រោះជាឈើក្រុមហ៊ុនគេផ្សេង។ ដោយឡែកលោក ស្រេង ជាប្អូនថ្លៃលោកម៉េង និងជាអ្នកចាត់ចែងអោយកម្មករចូលអារផ្តួលរលំជ្រៀកឈើជាខ្នាតធំៗ និងយកឡានបាកុងអូសចេញពីព្រៃ ប្រើគ្រឿងចក្រ អេស្កាវ៉ាទ័រ កាយផ្លូវអោយឡានបាកុងចូល ដើម្បីដឹកជញ្ជូនឈើចូលក្រុមហ៊ុនMDS ចាប់ពីម៉ោង២ទៅម៉ោង៣ទៀបភ្លឺ បានធ្វើការបដិសេធន៍នៅរសៀលថ្ងៃ ខែ ឆ្នាំដដែលនេះ ដោយទូរស័ព្ទជាមួយ«នគរដ្រេហ្គន» លោកគ្រាន់និយាយយ៉ាងខ្លីថា៖ ខ្ញុំមិនដឹង មិនពាក់ព័ន្ធរឿងនេះសោះ រួចក៏បិទទូរស័ព្ទ។
អ្នកឧកញ៉ា ទ្រី ភាព «នគរដ្រេហ្គន»មិនអាចទាក់ទងបានទេនៅរសៀលនេះ ខណះគ្មានលេខទូរស័ព្ទ ដោយពុំដឹងថាក្រុមហ៊ុនMDS របស់លោកបានដំណើរការឡើងវិញឬមួយយ៉ាងណា និងមានព្រៃសម្បទានយ៉ាងណាបន្តទៀតនោះ។ ដោយឡែកលោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ជុំវិញករណីមានសកម្មភាពការបំផ្លាញឈើក្នុងដែនសមត្ថកិច្ចគាត់គ្រប់គ្រង ក៏ដូចសកម្មភាពដឹកឈើកាត់ លាក់ទុកឈើជិតទីស្នាក់ការរបស់មន្ត្រីគាត់ក៏ដោយក៏មិនចាប់អារម្មណ៍ និងគ្មានអ្នកលើកទូរស័ព្ទពេលខលចូលម្តង។
លោក ខូយ រីដា អភិបាលរងខត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី២៩ ខែតុលានេះ មិនអាចទាក់ទងបានតាមទូរស័ព្ទ តែកន្លងទៅលោកតែងមិនបកស្រាយ ដោយជម្រុញរឿងនេះអោយសួរទៅលេខ012304304 ដោយលោកនិយាយយ៉ាងខ្លីថា៖ ខលទៅ លេខលោកអភិបាលនៃគណៈអភិបាលខេត្ត។ លោក ឡាយ វិសិដ្ឋ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនអាចទាក់ទងបាន។
ព័ត៍មានចុងក្រោយឮថា៖ កន្លែងខ្លះមិនទាន់បន្តបង្ក្រាប ខណះមានអ្នកធំបន្លាចក្នុងប្រតិបត្តិការនេះ៕ សុខ ខេមរា