ព័ត៌មានទាន់ហេតុការណ៍៖

ភ្នំពេញស្អាត៖ កម្មវិធីលើកស្ទួយបរិស្ថានស្អាតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ស្ថាប័ន

ចែករំលែក៖

ភ្នំពេញ៖ នៅខែវិច្ឆិកា គឺជាខែនៃទិវាភ្នំពេញស្អាត ក្រោមពាក្យស្លោក «សំរាមមិនថ្លាក់ដល់ដីភ្នំពេញកាន់តែប្រពៃ» ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៧ ក្រោមកិច្ចសហការវាងស្ថាប័នរដ្ឋ-ឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។

ការចាប់ដៃគ្នានេះ គឺជាកិច្ចសហការនៅក្នុងយុទ្ធនាការ ភ្នំពេញស្អាត ដែលជាផ្នែកមួយនៃគម្រោង «ស្អាត» ក្នុងគោលបំណង ជំរុញ និងលើកកម្ពស់យន្តការបរិស្ថានស្អាត ដែលមានស្រាប់ និងដែលកំពុងអនុវត្តពីសំណាក់ប្រតិបត្តិករនានា ឲ្យមានប្រសិទ្ធភាពខ្ពស់មួយកម្រឹតថែមទៀត។ យុទ្ធនាការនេះ នឹងប្រព្រឹត្តិទៅពេញមួយខែវិច្ឆិកា តាមរយៈយន្តការនៃការផ្សព្វផ្សាយ និងបញ្ជ្រាបការអប់រំឲ្យបានទូលំទូលាយ ស្ដីពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ តាមរយៈទិសស្លោក «សំរាមមិនថ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»។

កម្មវិធីភ្នំពេញស្អាតត្រូវបានបង្កើតឡើងដោយ សហស្ថាបនិកចំនួន ០៥ រូប ដែលមកពីស្ថាប័នផ្សេងៗគ្នា រួមមាន លោក ជី សីលា អគ្គនាយប្រតិបត្តិក្រុមហ៊ុន Sabay Group លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកស្រី ជា សុផល្លា ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងអគ្គនាយប្រតិបត្តិក្រុមហ៊ុន Emerald Plus លោកស្រី ហេង ធីតា នាយកផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គលនៃធនាគារ CIMB Cambodia PLC និង លោក ហៃ ភិរម្យ នាយកផ្នែកយុទ្ធសាស្រ្តជំនួញប្រចាំប្រទេសក្នុងតំបន់មេគង្គនៃក្រុមហ៊ុន Bosch។

លោកស្រី ជា សុផល្លា សហស្ថាបនិកនៃគម្រោងបានបញ្ជាក់ថា៖ «ភ្នំពេញស្អាតចាប់ផ្តើមចេញពីខ្លួនយើង។ យុទ្ធនាការស្អាតនេះ គឺជាវេទិកាមួយដែលផ្តល់ឱកាសឲ្យយើងទាំងអស់គ្នាបានរួបរួមជាកំលាំងមួយដ៏ធំ ជាមួយគ្រប់ស្ថាប័ន ពាក់ព័ន្ធដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍ យុទ្ធសាស្ត្រក្នុងការការពាបរិស្ថាន សោភ័ណភាព និងសុខុមាលភាពរបស់យើងប្រកបដោយនិរន្តរភាព។ ខ្ញុំមានសង្ឃឹមយ៉ាងមុតម៉ាំផងដែរថា យុទ្ធនាការនេះនឹងជួយកសាង និងបង្កើនទំនាក់ទំនង អោយកាន់តែស្អិតរមួតរវាងវិស័យឯកជន រាជរដ្ឋាភិបាល សមាគមន៍ អង្គការក៏ដូចជាជាមួយយុវជនសុឆន្ទៈ ស្អាត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ទៅថ្ងៃអនាគត។»

គំរោងភ្នំពេញស្អាតរួមមានកម្មវិធីជាច្រើន សម្រាប់ឲ្យស្ថាប័ននានា និងប្រជាពលរដ្ឋចូលរួម បង្ហាញ និងផ្សព្វផ្សាយបន្តនូវទងើ្វល្អៗដើម្បីផ្លាស់ប្តូរនូវគោលគំនិត ទម្លាប់ និងឥរិយាបថ ក្នុងការគ្រប់គ្រងសំរាម និងថែរក្សាបរិស្ថានស្អាត។ ឧទាហរណ៍ដូចជាសកម្មភាពសម្អាតជុំវិញផ្ទះរបស់ខ្លួន ហើយថតរូប ឬវីដេអូដើម្បីផ្សព្វផ្សាយបន្តលើបណ្តាញសង្គមរបស់ខ្លួន ដើម្បីបង្ហាញនូវគំរូ និងប្រជែងឲ្យញាតិមិត្រ្តរបស់ខ្លួនធ្វើដូច្នោះដែរ។

លោក ហ៊ុន ម៉ានី សហស្ថាបនិកនៃគម្រោងបានបញ្ជាក់ថា៖ «ជាមួយនឹងយន្តការរបស់រាជរដ្ឋាភិបាលដែល មានស្រាប់ ខ្ញុំរំពឹងទុកថាយុទ្ធនាការ “ស្អាត” នឹងក្លាយជាដំណោះស្រាយមួយផ្នែកបន្ថែមទៀត ចំពោះបញ្ហាសំរាមនៅកម្ពុជា ជាពិសេសការអប់រំប្រជាជន យុវជន និងកុមារអោយចូលរួមគិតពីបញ្ហា និងចូលរួមជាផ្នែកមួយនៃដំណោះស្រាយ ជាជាងការិះគន់ ប៉ុន្តែមិនចូលរួមជាសកម្មភាព ដែលរួមមានការផ្សព្វផ្សាយជាដើម។»

ក្រោមការគាំទ្ររបស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្តី្រក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីភ្នំពេញពេញស្អាត ក៏បានសហការជាមួយស្ថាប័នអប់រំរដ្ឋ និងឯកជនដែលរួមមានសាលាចំនួន ៤០ សម្រាប់ការអប់រំផ្នែកបរិស្ថាននេះដោយនិរន្តរភាព។ ក្រុមយុវជនសុឆ្ទនៈស្អាត នឹងធ្វើការចុះបញ្ច្រាបការអប់រំ បន្តដោយធ្វើសិក្ខាសាលាជាមួយសិស្សានុសិស្ស និងមានការចូលរួមគាំទ្រពីលោកគ្រូអ្នកគ្រូនៅក្នុងសាលាទាំងនោះផងដែរ។ កម្មវិធីនេះក៏បង្កើតឲ្យមាននូវ ទិវាភ្នំពេញស្អាត នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះដើម្បីបូកសរុបលទ្ធផលនៃកម្មវិធីរយះពេលពេញមួយខែនេះ ដ៏ដូចជាកំណត់គោលដៅសម្រាប់ជំហានបន្ទាប់នៅ ឆ្នាំក្រោយៗទៀត៕ វឌ្ឍនា


ចែករំលែក៖