ព័ត៌មានទាន់ហេតុការណ៍៖

បាត់ខ្លួនពីរថ្ងៃ ប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតក្នុងទឹក

ចែករំលែក៖

ខេត្តតាកែវ៖ សពលោកយាយម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ និងអណ្តែតទឹកបង្កការភ្ញាក់ផ្អើលបន្ទាប់ពីបាត់ខ្លួនអស់រយៈពេល២ថ្ងៃដោយមិនដឹងមូលហេតុ។

សពលោកយាយចំណាស់ដែលស្លាប់រហូតមានសភាពអណ្តែតទឹកហើយត្រូវបានគេប្រទះឃើញនេះ គឺនៅចំណុចស្ពានសាលានយោបាយទល់មុខផ្ទះសំណាក់វឌ្ឍនភាព ស្ថិតក្នុងភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

តាមសម្តីសមត្ថកិច្ចនៃអធិការក្រុងដូនកែវបានឲ្យសារព័ត៌មាននគរវត្តដឹងថា សពជនរងគ្រោះមានឈ្មោះ គង់ អេង ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិត្រពាំងស្លា ឃុំសម្លាញ់ ស្រុកអង្គរជ័យ ខេត្តកំពត។ សមត្ថកិច្ចបន្តថា ជនរងគ្រោះបានបាត់ខ្លួនកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ខណៈជនរងគ្រោះមកព្យាបាលជំងឺទាចទឹក នៅមន្ទីរពេទ្យបង្អែក ខេត្តតាកែ វហើយក៏បានបាត់ខ្លួនចេញពីមន្ទីរពេទ្យដោយមិនដឹងទៅទីណា ក្រោយមកមានបងប្អូនមកប្ដឹងសមត្ថកិច្ចនគរបាលក្រុងដូនកែវដែរតែរកមិនឃើញ ទើបតែនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១៨ មានអ្នកស្ទូចត្រីប្រទះឃើញសពអណ្តែតទឹក ជាលោកយាយដែលបានបាត់ខ្លួននេះតែម្ដង។

ក្រោយសត្ថកិច្ចពិនិត្យ និងធ្វើកោសល្យវិច័យឃើញថា សពជនរងគ្រោះខាងលើមិនមានស្លាកស្នាមនៃអំពើឃាតកម្មនោះទេ នេះប្រហែលអាចជនរងគ្រោះ រអិលជើងធ្លាក់ទឹកស្លាប់ខ្លួនឯងដោយពុំមានអ្នកដឹង។

បច្ចុប្បន្នសពលោកយាយដែលស្លាប់ខាងលើនេះ ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភ្នំដា


ចែករំលែក៖