មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងភរិយា Ri Sol Ju បានទៅទស្សនកិច្ចរោងចក្រផលិតគ្រឿងសំអាងនៅទីក្រុងព្យុងយ៉ាង ក្នុងពេលដែល ស្ថានភាពនៅឧបទ្វីបកូរ៉េកំពុងតែតានតឹង ហើយអាមេរិកបានបង្កើនអាវុធមកកាន់ទីនេះ ដែលជាការត្រៀមវាយប្រហារកូរ៉េខាងជើង។
នៅពេលដែលកំពុងតែមានភាពតានតឹង មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បែជាបង្ហាញខ្លួននៅក្បែរគ្រឿងតុបតែងខ្លួនសម្រាប់ស្ត្រី បង្កើនសម្រស់ទៅវិញ។ នេះជាសកម្មភាពផ្ទុយស្រឡះពីអ្វីដែលមនុស្សគ្រប់គ្នាបានគិត ដោយយល់ថា ពេលនេះលោក គីម ជុងអ៊ុន អាចនៅក្បែរកាំជ្រួចមីស៊ីលបរមាណូ ឬទីបញ្ជាការកងទ័ពដើម្បីត្រៀមធ្វើសង្គ្រាមជាមួយអាមេរិក។
ជាមួយនឹងរូបភាពនេះ កូរ៉េខាងជើងបានបង្ហាញយ៉ាងច្បាប់ថា ទីក្រុងព្យុងយ៉ាងមិនដែលខ្លាចសង្គ្រាមកើតឡើងជាមួយអាមេរិកនោះឡើយ ហើយអាមេរិកក៏មិនហានវាយប្រហារទៅលើកូរ៉េខាងជើងនោះដែរ។
នៅក្នុងតំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតគ្រឿងសំអាង លោក គីម ជុងអ៊ុន បានសរសើរដល់ការខិតខំផលិតនូវផលិតផងលំដាប់ពិភពលោក។ នៅក្នុងរូបភាព លោក គីម ជុងអ៊ុន សើចសប្បាយជាមួយភរិយា Ri sol Ju ពេលទស្សនកិច្ចទីនោះ។
នេះជាលើកទី២ហើយ ដែលមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បង្ហាញវត្តមានជាមួយភរិយា នៅក្នុងខែតុលានេះ។ កន្លងមក លោក គីម ជុងអ៊ុន និងភរិយាបានទៅត្រួតពិនិត្យទីតាំងផលិតស្បែកជើងនៅទីក្រុងព្យុងយ៉ាងផងដែរ។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង ធ្វើឡើងក្រោយ១ថ្ងៃ ដែលរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Jim Mattis បានប្រកាសថានឹងមិនអនុញ្ញាត្តិឲ្យកូរ៉េខាងជើងមានអាវុធបរមាណូនោះឡើយ។
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ថា លោក James Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាមេរិកបានថ្លែងឲ្យដឹងនៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចមក កាន់ប្រទេសកូរ៉េខាងត្បូងថា ការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរពីសំណាក់ កូរ៉េខាងជើងកំពុងតែកើនឡើង។
លោក Mattis បានព្រមានកូរ៉េខាងជើងថា នឹងប្រឈមមុខ”ការឆ្លើយតបដោយយោធាទ្រង់ទ្រាយធំ” បើសិនជាកូរ៉េខាងជើងប្រើប្រាស់ អាវុធនុយក្លេអ៊ែរ។
ការប្រកាសដាច់ដោយឡែកមួយរបស់កូរ៉េខាងជើងបានឲ្យដឹងថា ទូកនេសាទរបស់កូរ៉េខាងត្បូង ត្រូវបានចូលមកក្នុងដែនទឹករបស់កូរ៉េខាងជើងដោយខុសច្បាប់ ។
ក្រុមមន្ត្រីកូរ៉េខាងត្បូងបានថ្លែងថា ក្រុមសហនាវឹក១០នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ កាលពីល្ងាចថ្ងៃសុក្រ។
ការដោះលែងនេះ បានកើតឡើងនៅពេលដែលភាពតានតឹងនៅក្នុងតំបន់កំពុងតែកើនឡើង កំដៅខ្លាំង ហើយភាគីនៃប្រទេសទាំង២ កំពុងតែបង្ហាញអំពីសកម្មភាពនៃការធ្វើលំហាត់សមយុទ្ធផ្សេងៗគ្នា៕ ម៉ែវ សាធី