ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួល រថយន្តមកដល់កិនបែកក្បាលស្លាប់ និងរបួស៣នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ និង២នាក់ទៀត របួសបួសធ្ងន់ ខណៈពួកគេជិះម៉ូតូឌុបគ្នា ហើយត្រូវបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ធ្វើឲ្យដួលទៅលើថ្នល់ គាប់ជួនពេលនោះមានរថយន្តបែនដឹកដីមួយគ្រឿងទៀតមកពីក្រោយកិនពីលើតែម្តង កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៩ ខែតុលាឆ្នាំ២០១៧ នៅចំណុចស្តុបទួលពង្រ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយរថយន្តព្យាយាមបើករត់រហូតដល់ផ្លូវលេខ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក៏បើកចូលឃ្លាំងបាត់។

សមត្ថកិច្ចបានប្រាប់សារព័ត៌មាននគរវត្តថា ជនរងគ្រោះឈ្មោះចែម ឌីណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកបរ នៅក្នុងហ៊ុនតាំងសុហួត ស្នាក់នៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបែកពាំង ឃុំជាលា ស្រុកបាធេយ្យ ខេតកំពង់ចាម។ ចំណែក២នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យនគរវដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកវីវ៉ាពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1X 9234 បើកបរដោយបុរសម្នាក់ និងបុរស២នាក់ទៀត រួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែបតស្តាំទៅតាមបណ្តោយផ្លូវវេងស្រេង ទៅកើតក៏បានប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ធ្វើឲ្យដួលទៅនឹងថ្នល់គាប់ជួនមានរថយន្តធុនធំ ពាក់ស្លាកលេខ ប៉ៃលិន 3A 0131 បើកតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើតមកដល់ ក៏កិនចំក្បាលជនរងគ្រោះម្នាក់បណ្តាលឲ្យបែកចេញខួរស្លាប់ ចំណែក២នាក់ទៀតរងរបួសធ្ងន់។

ភ្លាមៗនោះ រថយន្តបង្កបានព្យាយាមបើករត់រហូតដល់ផ្លូវលេខ២០០៤ ក៏បើកចូលក្នុងឃ្លាំងបាត់ហើយត្រូវបានសមត្ថកិច្ចទៅដល់ចំណុចកើតហេតុ និងទាក់ទងជំនាញវាស់វែងយកម៉ូតូ រួមទាំងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរង់ចាំដោះស្រាយពេលក្រោយ។ ដោយឡែកម្ចាស់រថយន្តបង្កគេចខ្លួនបាត់។ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ សុខាសែនជ័យ


ចែករំលែក៖