ភ្នំពេញ៖ ស្ត្រីជាកម្មការនីរោងចក្រម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលជាន់ទីមួយម្នាក់ឯង សង្ស័យខ្យល់គរ បង្កភ្ញាក់ផ្អើលដល់ប្រជាពករដ្ឋជិតខាង កាលពីម៉ោង២១និង៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួលជាន់ទី១ ផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ប្រាប់សារព័ត៌មាននគរវត្តថា ស្ត្រីរងគ្រោះឈ្មោះ ង៉ែត ចន្ថា អាយុ២៦ឆ្នាំ មុខរបរកម្មការិនីកាត់ដេរ ស្នាក់នៅបន្ទប់ជួលជាន់ទី១ ផ្លូវបេតុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុក កំណើតភូមិស្រែរោង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
ប្រភពពីបុរសម្នាក់ឈ្មោះឈិត ពិសី អាយុ៣៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួលក្បែរបន្ទប់ស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ក្រោយពី ខ្លួនត្រឡប់មកពីធ្វើការវិញបានឮប្រពន្ធប្រាប់ថា ស្ត្រីរងគ្រោះបាត់មិនឃើញចេញពីបន្ទប់ជួលតាំងពីថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៧មកម្ល៉េះមិនដឹងកើតអីទេ ពេលនោះដោយសារបន្ទប់ជួលនៅជិតគ្នា គាត់ និងប្រពន្ធបានដើរទៅគោះទ្វារហៅ មិនឮសំឡេងឆ្លើយ ក៏ចុះមកហៅកូនម្ចាស់ផ្ទះឲ្យឡើងទៅជួយមើល ពេលនោះពួកគាត់បាននាំគ្នារុញទ្វារចូល ក៏ឃើញស្ត្រីខាងលើដេកស្លាប់ម្នាក់ឯងមិនដឹងតាំងពីពេលណាទៅហើយ។
ប្រភពដដែលបានប្រាប់ទៀតថា កន្លងមក ស្ត្រីដែលស្លាប់ខាងលើ តែងតែប្រាប់អ្នកជិតខាងថា គាត់មិនសូវស្រួលខ្លួន ហើយខំប្រឹងធ្វើការទាំងឈឺ ទាំងជា មិនហ៊ានទៅមន្ទីរពេទ្យទេ ដោយទ្រាំទម្រាំដល់ថ្ងៃឈប់សម្រាកទៅស្រុកតែម្តង។
ក្រោយបង្កភ្ញាក់ផ្អើល ម្ចាស់ផ្ទះបានមកប្តឹងសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះទៅពិនិត្យសពខាងលើឃើញថា ស្ត្រីខាងលើស្លាប់ដោយសារខ្យល់គរ ហើយបានទំនាក់ទំនងក្រុមគ្រួសារមកទទួលយកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ សុខាសែនជ័យ